សហរដ្ឋអាមេរិក និងរុស្ស៊ី បានបញ្ចប់កិច្ចចរចាស្តីពីបទឈប់បាញ់នៅសមុទ្រខ្មៅនៅអារ៉ាប៊ីសាអ៊ូឌីត

ក្រុមមន្ត្រីអាមេរិក និងរុស្ស៊ី បានបញ្ចប់កិច្ចចរចារយៈពេលមួយថ្ងៃកាលពីថ្ងៃចន្ទ ២៥ មីនា ផ្តោតលើសំណើតូចចង្អៀតមួយសម្រាប់បទឈប់បាញ់នៅសមុទ្ររវាងទីក្រុងគីវ និងទីក្រុងមូស្គូ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងការទូតដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថានឹងជួយត្រួសត្រាយផ្លូវសម្រាប់ការចរចាសន្តិភាពកាន់តែទូលំទូលាយ។

ស្របពេលកិច្ចប្រជុំកំពុងដំណើរការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាទីដែលគណៈប្រតិភូអ៊ុយក្រែនមានវត្តមានកាលពីថ្ងៃអាទិត្យ ការវាយប្រហារដោយមីស៊ីលរុស្ស៊ីបានបំផ្លាញសាលារៀន និងមន្ទីរពេទ្យក្នុងប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៨៨ នាក់រងរបួស។

កិច្ចពិភាក្សា ដែលផ្តោតក្នុងចំណោមបញ្ហាផ្សេងទៀតលើការព្យាយាមឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅសមុទ្រខ្មៅ ត្រូវបានក្រុងវ៉ាស៊ីនតោនបង្ហាញថាជាជំហានមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេលបីឆ្នាំ។

ប្រភពសេតវិមានបាននិយាយថា វឌ្ឍនភាពកំពុងត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សានៅទីក្រុងរីយ៉ាដ ហើយថា “ការប្រកាសជាវិជ្ជមាន” ត្រូវបានគេរំពឹងថានឹងកើតមានឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។

ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បាននិយាយថា គណៈប្រតិភូរុស្ស៊ី បានឆ្លើយតបថា កិច្ចពិភាក្សានេះដំណើរការល្អណាស់ នៅពេលសួរអំពីអារម្មណ៍របស់ពួកគេ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានោះ។

ប្រភពមួយចេញពីរុស្ស៊ីបានប្រាប់សារព័ត៌មាន Reuters ថាកិច្ចពិភាក្សាបានបញ្ចប់កាលពីល្ងាចថ្ងៃចន្ទ ហើយសេចក្តីព្រាងសេចក្តីថ្លែងការរួមមួយត្រូវបានបញ្ជូនទៅទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ដើម្បីសុំការយល់ព្រម ដោយភាគីនានាមានបំណងចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ។

ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានរាយការណ៍ថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយមុននេះថា គ្មានឯកសារណាមួយនឹងត្រូវបានចុះហត្ថលេខានោះទេ៕