[UPDATE] អ្នកស្លាប់ឡើងដល់ ៤០នាក់ ខណៈព្យុះភ្លៀងដ៏ខ្លាំងក្លាវាយប្រហារសហរដ្ឋអាមេរិកកម

ប្រជាជនអាមេរិករាប់លាននាក់នៅទូទាំងប្រទេស កំពុងស្ថិតក្រោមការប្រុងប្រយ័ត្ននៃអាកាសធាតុធ្ងន់ធ្ងរ ខណៈផ្នែកធំៗនៃរដ្ឋ Pennsylvania រដ្ឋ New York និងតំបន់អាត្លង់ទិកកណ្ដាល ព្រមទាំងភាគអាគ្នេយ៍ បានរងគ្រោះពីខ្យល់កន្រ្តាក់ដ៏បំផ្លិចបំផ្លាញ និងព្យុះកួចដ៏ខ្លាំងក្លាកម្លាំងជិត ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយតួលេខអ្នកស្លាប់ពីព្យុះភ្លៀងដ៏កំណាចនេះកាលពីចុងសប្ដាហ៍ បានកើនឡើងដល់យ៉ាងតិចណាស់ ៤០នាក់ ទូទាំងរដ្ឋទាំង៦។

នៅក្នុងសេចក្តីថ្លែងការណ៍សេតវិមាន លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកកំពុងតាមដានស្ថានភាពព្យុះកួច និងព្យុះភ្លៀងនេះ ដោយបន្ថែមថា “មនុស្សស្លូតត្រង់ជាច្រើនបានបាត់បង់ជីវិត និងរាប់លាននាក់ទៀតរងផលប៉ះពាល់”។ លោកប្រកាសថា ឆ្មាំជាតិត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋ Arkansas ហើយសន្យាជួយដល់មន្រ្តីរដ្ឋ និងមូលដ្ឋាន។

សរុបមក ការស្លាប់យ៉ាងហោចណាស់ ៤០នាក់ ត្រូវបានកត់ត្រាពីប្រព័ន្ធព្យុះឆ្លងប្រទេសនេះ។ រដ្ឋដែលប៉ះពាល់ពាល់ខ្លាំងជាងគេរួមមាន រដ្ឋ Missouri ជាទីដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងចំណោមតួលេខទាំងនោះ បន្ទាប់មកគឺរដ្ឋ Mississippi រដ្ឋ Arkansas និងកន្លែងផ្សេងទៀត ខណៈអាជ្ញាធរព្រមានអ្នកស្រុកឱ្យប្រុងប្រយ័ត្ន។ព្យុះដែលបោកបក់នៅភាគខាងត្បូង និងតំបនកណ្ដាលភាគខាងលិច នៅថ្ងៃអាទិត្យ (១៦ មីនា) បានឆ្ពោះទៅកាន់ភាគខាងកើត។ យោងតាមគេហទំព័រតាមដានការដាច់ចរន្ត PowerOutage បានឱ្យដឹងថា អ្នកប្រើប្រាស់ជាង ៣៤០.០០០នាក់ មិនមានថាមពលអគ្គិសនីទេនៅក្នុងតំបន់ដែលរងផលប៉ះពាល់ គិតត្រឹមរសៀលថ្ងៃអាទិត្យ៕