BREAKING NEWS] សហរដ្ឋអាមេរិក ផ្អាកជំនួយយោធាទៅកាន់អ៊ុយក្រែន ក្រោយជម្លោះពាក្យសម្ដីរវាងមេដឹកនាំ
- ¸æ

មន្ត្រីសេតវិមានមួយរូបបាននិយាយកាលពីថ្ងៃចន្ទ (០៣ មីនា) ថា សហរដ្ឋអាមេរិក កំពុងផ្អាកជំនួយយោធាដល់អ៊ុយក្រែន ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប៉ះទង្គិចពាក្យសម្ដីជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅក្នុងការិយាល័យប្រធានាធិបតីអាមេរិក Oval Office។
មន្ត្រីរូបនេះនិយាយថា អាមេរិកកំពុងផ្អាក និងពិនិត្យមើលជំនួយទាំងនោះ ដើម្បីធានាថាវាកំពុងរួមចំណែកដល់ដំណោះស្រាយសង្រ្គាម។ ការផ្អាកនេះនឹងមានរយៈពេលរហូតដល់លោក Trump មើលឃើញថាថ្នាក់ដឹកនាំរបស់អ៊ុយក្រែនបង្ហាញពីការប្តេជ្ញាចិត្តដោយស្មោះត្រង់ចំពោះសន្តិភាព នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg និង Fox News ។

Fox News បានដកស្រង់សម្តីមន្ត្រីរដ្ឋបាលលោក Trump ថា “នេះមិនមែនជាការបញ្ចប់ជំនួយជាអចិន្ត្រៃយ៍ទេ គ្រាន់ជាការផ្អាកមួយ”។ ទីភ្នាក់ងារព័ត៌មាន Bloomberg រាយការណ៍ថា សព្វាវុធយោធារបស់អាមេរិក ដែលបច្ចុប្បន្នមិនស្ថិតនៅអ៊ុយក្រែន នឹងត្រូវផ្អាក រួមទាំងសព្វាវុធដែលកំពុងធ្វើដំណើរលើយន្តហោះ និងនាវា ឬកំពុងរង់ចាំនៅតំបន់ឆ្លងកាត់ក្នុងប្រទេសប៉ូឡូញ។ សារព័ត៌មាននេះបន្ថែមថា លោក Trump បានបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth អនុវត្តការផ្អាកនេះ។
របាយការណ៍នេះកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា លោកមិនបានពិភាក្សាពីការផ្អាកជំនួយយោធាដល់អ៊ុយក្រែនទេ ប៉ុន្តែបានបន្ថែមថា លោក Zelenskiy “គួរតែដឹងគុណឱ្យច្រើនជាងនេះ” ចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន៕