ធនាគារជាតិកំពុងជំរុញអភិវឌ្ឍធនធានមនុស្ស ស្របតាមចរន្តអភិវឌ្ឍភាវូបនីយកម្មសេដ្ឋកិច្ចទីផ្សារ

 

ភ្នំពេញ ÷ ធនាគារជាតិនៃកម្ពុជា បានប្រែក្លាយមណ្ឌលសិក្សា ទៅជាវិទ្យាស្ថាន និងការសាងសង់អគារអន្តេវាសិកដ្ឋាន ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាវិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជា ស្របតាមចរន្តអភិវឌ្ឍភាវូបនីយកម្មសេដ្ឋកិច្ចទីផ្សារសេរី។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ភោធជាផ្លូវការ នៃការប្រែក្លាយ មណ្ឌលសិក្សាបច្ចេកទសធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ភោធអគារអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សា បច្ចេកទេសធនាគារ នៅថ្ងៃទី ២៦ ខែ ធ្នូ នេះថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យកអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សម្រាប់ស្ថានភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ សម្រាប់គាំទ្រដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់ធនាគារជាតិនៃកម្ពុជា ទាំងរយៈពេលខ្លី និងវែង ទាំងនៅក្នុងស្រុក និងនៅបរទេស។ ការធ្វើឯកទេសកម្មជំនាញធនាគារ ចាប់តាំងពីថ្នាក់បរិញ្ញាបត្ររង ដល់បរិញ្ញាបត្ររបស់វិទ្យាស្ថាន សិក្សាបច្ចេកទេសធនាគារ នឹងចូលរួមជំរុញឱ្យអាទិភាពគន្លឹះទី១ របស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព។

ជាក់ស្តែងនៅឆ្នាំ២០២២ កន្លងមកនេះ មណ្ឌលសិក្សាបច្ចេកទេសធនាគារ បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជា បន្តបន្ទាប់, ទន្ទឹមនេះ នៅខែតុលា ឆ្នាំ២០២៤ មណ្ឌលសិក្សានេះ ត្រូវបានអនុញ្ញាតឱ្យប្រែក្លាយ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេស ធនាគារដោយជោគជ័យ។ វិទ្យាស្ថាននេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រ រង លើមុខជំនាញគ្រប់គ្រងធនាគារ មុខជំនាញហិរញ្ញវត្ថុ និងមុខជំនាញសេដ្ឋកិច្ច។ ទន្ទឹមនេះ ដោយមើលឃើញពីសារៈសំខាន់ នៃការលើកកម្ពស់ជំនាញទន់ (Soft Skill) វិទ្យាស្ថានក៏បានបន្ថែមកម្មវិធីសិក្សាក្រៅប្រព័ន្ធដែលមានដូចជា ដំណើរទស្សនកិច្ចសិក្សា, ការទស្សនាភាពយន្តនិងល្ខោន, ព្រមទាំងការហ្វឹកហាត់ក្នុងការសម្តែងល្ខោន ដើម្បីអភិវឌ្ឍការនិយាយជាសាធារណៈ និងការរៀបចំ ឱ្យមានក្លឹបអានសៀវភៅ ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ជាពិសេស ដើម្បីឱ្យការសិក្សារបស់សិស្ស-និស្សិតនៃវិទ្យាស្ថានមាន លក្ខណៈទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ វិទ្យាស្ថានក៏បានយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខុមាលភាពផ្លូវចិត្តរបស់សិស្ស-និស្សិត តាមរយៈការផ្ដល់នូវការពិគ្រោះចិត្តសាស្ត្រ និងវគ្គសមាធិខ្លីៗ ព្រមទាំងការយកចិត្តទុកដាក់លើសុខុមាលភាពផ្លូវកាយ តាមរយៈការ រៀបចំកម្មវិធីកីឡាផ្សេងៗរួមមាន កីឡាតេក្វាន់ដូកីឡាវាយសី និងកីឡាបាល់ទាត់ជាដើម។

លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា ដើម្បីសម្រួល និងលើកទឹកចិត្តដល់និស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតដែល មកពីតាមបណ្តាខេត្ត ឬទីតាំងឆ្ងាយ ដែលពិបាកក្នុងការធ្វើដំណើរ ធនាគារជាតិនៃកម្ពុជាក៏បានសាងសង់អគារអន្តេវាសិកដ្ឋាន ដែល ស្ថិតនៅក្នុងបរិវេណជាមួយអគារវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សម្រាប់និស្សិតស្នាក់នៅបណ្តោះអាសន្ន។ ការផ្លាស់ប្តូរហេដ្ឋា- រចនាសម្ព័ន្ធថ្មីនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាម ក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា។ គិតមកដល់ពេលបច្ចុប្បន្ន វិទ្យាស្ថានបានទទួលបណ្ដុះបណ្ដាលនិស្សិត ថ្នាក់ប្រកាសនីយបត្រជាន់ ខ្ពស់ លើជំនាញធនាគារ បានចំនួន ៣៣ ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣.១៧៥ រូប ក្នុងនោះនិស្សិតស្រីមានចំនួន ១.៩៩៧ រូបនិងមានសាស្ត្រាចារ្យសរុបចំនួន ៦៥រូប៕