ដាំទឹកក្ដៅស្រោចលើខ្លួនទៀតហើយ! ធ្លាយឯកសារ ទារកអាយុ ២ឆ្នាំ និងកុមារអាយុ ១១ឆ្នាំ កាន់កាប់ដីជាច្រើនហិកតា សម្រាប់លក់ឲ្យជំទាវ លី អ៊ុអេង
សៀមរាប៖ បុគ្គលចំនួន ២នាក់ ដែលឈ្មួញ ជោគជាំដោយរឿងជម្លោះដីធ្លី ឈ្មោះ លី អ៊ុអេង អះអាងក្តែងៗថា ជាម្ចាស់ដើមលើផ្ទៃដីនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី បានលក់ដីទាំងនោះមកឲ្យខ្លួន ត្រូវបានគេរកឃើញ ភាពខ្មៅងងឹតជាច្រើននៅក្នុងឯកសារ។ បុគ្គលទាំង ២នាក់នោះ ម្នាក់ឈ្មោះ លឹម ជក់ និងម្នាក់ឈ្មោះ ញ៉ាវ ណុល ។
យោងតាមពាក្យស្នើសុំពាក្យកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី១៤ ខែ៥ ឆ្នាំ១៩៩៨ របស់ឈ្មោះ លឹម ជក់ គេបានរកឃើញ នូវភាពខ្មៅងងឹតមួយចំនួនដូចជា៖ កាលពីឆ្នាំ១៩៩៨ លឹម ជក់ មានអាយុត្រឹមតែ៣០ឆ្នាំ ក្នុងពាក្យសុំនោះដែរ លឹម ជក់ បានបញ្ជាក់ថា ខ្លួនបានកាន់កាប់ដីទំហំ ២៦០ គុណនឹង២៥០ (មានស្នាមកោសលុប) ចាប់ពីឆ្នាំ១៩៧៩ មកទល់បច្ចប្បន្ន។ ពិនិត្យលើពាក្យសុំនេះនៅឆ្នាំ១៩៧៩ ឈ្មោះ លឹម ជក់ ទើបតែមានអាយុ១១ឆ្នាំប៉ុណ្ណោះ។
ចំណែកពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ទំហំ ១៥០ គុណនឹង៣៥០ ចុះថ្ងៃទី១០ ខែ៤ ឆ្នាំ១៩៩៧ របស់ឈ្មោះ ញ៉ាវ ណុល ដែលលោកជំទាវ លី អ៊ុអេង អះអាងថា ជាម្ចាស់ដីដើមដែរនោះ ក៏មានលក្ខណៈខ្មៅងងឹត ស្រដៀងនឹងឈ្មោះ លឹម ជក់ ដែរ។ កាលពីឆ្នាំ ១៩៩៧ ញ៉ាវ ណុល មានអាយុ២០ឆ្នាំ ដូច្នេះមានន័យ ថា នៅឆ្នាំ១៩៧៩ ញ៉ាវ ណុល មានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។
បើឯកសារបញ្ជាក់បែបនេះហើយ សួរថា តើទារកអាយុ២ឆ្នាំ និងកុមារអាយុ១១ឆ្នាំ អាចចូលទៅកាន់កាប់ដីទំហំច្រើនហិកតាយ៉ាងដូចម្តេច.? បើមើលទៅម្នាក់មិនទាន់បាត់ធំក្លិនទឹកដោះផង ហើយម្នាក់ទៀតមិនទាន់ដឹងខ្យល់អីស្រួលបួលផងនោះ..??
ក្រៅពីនេះ គេនៅសង្ស័យទៀតថា អាចមានប្រើ ប្រាស់ឯកសារដីធ្លីមិនប្រក្រតី។ ដូចនៅក្នុងចំណុច ឆ្នាំនៃការដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លី របស់បុគ្គលទាំង ២ខាងលើ គេសង្ស័យថា បានប្រើឯកសារក្លែងបន្លំ ដោយឯកសារទាំងនោះត្រូវបានគេប្រើនៅក្នុងទសវត្សឆ្នាំ២០០០ ហើយកែបន្លំមកដាក់ឆ្នាំ១៩៩៧ និងឆ្នាំ ១៩៩៨ ទៅវិញ។
យោងតាមឯកសារ ដែលបានពិនិត្យឃើញមួយ ចំនួន និងថ្ងៃខែឆ្នាំកំណើតបុគ្គលម្ចាស់ដី រួមទាំងឆ្នាំដែលបុគ្គលស្នើសុំកាន់កាប់ដីធ្លី អាចបញ្ជាក់បានថា ជំទាវ លី អ៊ុអេង កំពុងដាំទឹកក្តៅស្រោចលើខ្លួនឯងទៀតហើយ ព្រោះម្នាក់ទើបអាយុ២ឆ្នាំ ឯម្នាក់ទៀតអាយុ១១ឆ្នាំ ចេះឈរឈ្មោះកាន់កាប់ដីទុកលក់អោយជំទាវ។
សូមបញ្ជាក់ថា ជំទាវបណ្ឌិត ឧកញ៉ា លី អ៊ុអេង អនុ ប្រធានសភាពាណិជ្ជកម្មសៀមរាប.ឧត្តរមានជ័យ ធ្លាប់បានសមត្ថកិច្ចចាប់ខ្លួន យកទៅវាស់កំពស់រួចម្តងហើយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រោះតែរឿងចេញសែកអត់លុយ(សែកស្អុយ) ក្នុងជំនួញដីធ្លី៕