
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ០៩វិច្ឆិកា ដោយសម្តេចបានរំលឹកថាថ្ងៃ៩ វច្ឆិកានេះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកនៅកម្ពុជា។
តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់បន្ថែមទៀតថា« ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា»។
សូមបញ្ជាក់ថា រាល់ថ្ងៃទី០៩ ខែវិច្ឆិកា ប្រជាជនកម្ពុជានៅទូទំាងប្រទេសបានធ្វើការឈប់សម្រាក ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខណៈថ្ងៃ៩ វិច្ឆិកានេះ បានរំលឹកឱ្យប្រជាជនខ្មែរគ្រប់ៗរូបចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញជូនកម្ពុជា ប្រកបដោយសន្តិវិធី។
រយៈពេល៧១ ឆ្នាំកន្លងមកនេះកម្ពុជាបានឆ្លងកាត់នូវដំណើរវិវឌ្ឍន៍លើភាពជាម្ចាស់នៃជោគវាសនា និងអនាគតប្រទេសរបស់ខ្លួន រហូតកម្ពុជាមានការរីកចម្រើនលូតលាស់បានដូចសព្វថ្ងៃ ក្រោមដំបូលនៃសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយបន្តឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់។ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នានឹងបន្តចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏មហាឧត្តុង្គឧត្តមថ្លៃថ្លា របស់អង្គព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារបាននូវឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយប្តេជ្ញា ដើរតាមលំអាននៃការថែរក្សាបូរណភាពទឹកដី ឯករាជ្យ ក្នុងភាពជាម្ចាស់នៃជោគវាសនាអនាគតខ្លួនឯង និងការពារដាច់ខាតនូវការប៉ុនប៉ងណាមួយ ដែលយាយីដល់សេចក្តីសុខ របស់ប្រជាជាតិកម្ពុជាផងដែរ៕