ខ្មាន់កាំភ្លើង បានសម្លាប់កម្មករអណ្តូងរ៉ែធ្យូងថ្មជាង២០នាក់ នៅភាគនិរតីប្រទេសប៉ាគីស្ថាន
ខ្មាន់កាំភ្លើង បានសម្លាប់កម្មករអណ្តូងរ៉ែធ្យូងថ្មជាង២០នាក់ នៅភាគនិរតីប្រទេសប៉ាគីស្ថាន
មនុស្សច្រើននាក់ដែលបានរងរបួស ក្នុងការវាយប្រហារលើទីតាំងអណ្តូងរ៉ែធ្យូងថ្មឯកជន នៅភាគនិរតីប្រទេសប៉ាគីស្ថាន ត្រូវបាននាំទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Quetta កាលពីថ្ងៃសុក្រ។
នគរបាលនិយាយថា ខ្មាន់កាំភ្លើងប្រហែល៤០នាក់ ប្រដាប់ដោយកាំភ្លើង គ្រាប់រ៉ុក្កែត និងគ្រាប់បែកដៃបានសម្លាប់កម្មករអណ្តូងរ៉ែមួយចំនួនក្នុងពេលកំពុងដេកលង់លក់។
នគរបាលបញ្ជាក់ថា មនុស្សជាង២០នាក់ ត្រូវបានបាញ់សម្លាប់ ប៉ុន្តែពុំមានការអះអាងពីការទទួលខុសត្រូវភ្លាមៗនោះទេ។
ម្ចាស់អណ្តូងរ៉ែម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកវាយប្រហារ បានដុតកម្ទេចអណ្តូងរ៉ែចំនួន ១០កន្លែង រួមជាមួយឧបករណ៍ និងគ្រឿងចក្រ ខណៈម្ចាស់អណ្តូងរ៉ែ បានទទួលការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធមួយរយៈមកហើយ។
ការវាយប្រហារ បានកើតឡើងនៅក្នុងខេត្ត Balochistan ដែលសម្បូររ៉ែ មានព្រំប្រទល់ជាប់ប្រទេស អាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ង់។
ការបះបោរ រយៈពេលជាច្រើនទសវត្សរ៍មកនេះនៅខេត្ត Balochistan ដោយក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន បាននាំឱ្យមានការវាយប្រហារជាញឹកញាប់ប្រឆាំងរដ្ឋាភិបាល កងទ័ព និងផលប្រយោជន៍របស់ចិន នៅក្នុងតំបន់។
នាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាល បានប្តេជ្ញាចិត្តដើម្បីលុបបំបាត់រាល់ទម្រង់នៃអំពើភេរវកម្ម។