ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីពន្ធប្រថាប់ត្រា សម្រាប់អនុវត្តលើវិស័យអចលនទ្រព្យ

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីពន្ធប្រថាប់ត្រា សម្រាប់អនុវត្តលើវិស័យអចលនទ្រព្យ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់នូវវិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ការដាក់​ភាគហ៊ុនជាចលនទ្រព្យ ការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋជាដើម។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាសស្តីពីពន្ធប្រថាប់ត្រា ដោយប្រកាសនេះ មានគោលបំណងកំណត់នូវវិធាន និង នីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រា ដោយមានវិសាលភាពអនុវត្តទៅលើដូចជា៖ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាចលនទ្រព្យ និងអចលនទ្រព្យក្នុងក្រុមហ៊ុន, ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែល, កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ, និង លិខិតមានលក្ខណៈ គតិយុត្ត រួមមានលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។

ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រាដូចជា៖ ៤ ភាគរយ នៃតម្លៃអចលនទ្រព្យ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលន ទ្រព្យជាសំណង់ និងដី ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ការផ្ទេរភាគហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែល របស់ ក្រុមហ៊ុនអចលនទ្រព្យ។

៤ ភាគរយ នៃតម្លៃចលនទ្រព្យ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ ការដាក់ភាគហ៊ុនជា ចលនទ្រព្យក្នុងក្រុមហ៊ុន។ ០,១ ភាគរយ នៃតម្លៃភាគហ៊ុនចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន។

០,១ ភាគរយ នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ, និង ១ លានរៀល ចំពោះលិខិត មានលក្ខណៈ​គតិយុត្ត រួមមានលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។

ចំណែកមូលដ្ឋានគិតពន្ធប្រថាប់ត្រាត្រូវបានកំណត់រួមមាន តម្លៃចលនទ្រព្យ និងអចលនទ្រព្យត្រូវគិតតាមតម្លៃទីផ្សារ នាពេល ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចកំណត់តម្លៃ​ចលនទ្រព្យ និងអចលនទ្រព្យសម្រាប់ធ្វើជាមូល ដ្ឋានគិតពន្ធនេះ។

តម្លៃភាគហ៊ុនឬផលប្រយោជន៍ប្រហាក់ប្រហែល ត្រូវគិតតាមតម្លៃទីផ្សារនាពេលប្រតិបត្តិការផ្ទេរភាគហ៊ុន ឬផល- ប្រយោជន៍ប្រហាក់ប្រហែលនោះកើតឡើង។

តម្លៃចុះកិច្ចសន្យា ត្រូវគិតតាមតម្លៃក្នុងកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ ថវិការដ្ឋ ដោយមិនរួមបញ្ចូលអាករលើតម្លៃបន្ថែម។ លិខិតមានលក្ខណៈគតិយុត្តត្រូវកំណត់ ១ លានរៀល ចំពោះលិខិតមានលក្ខណៈ គតិយុត្តនីមួយៗ។

ជុំវិញពន្ធប្រថាប់នេះ គឺមានពន្ធប្រថាប់ត្រាត្រូវបានលើកលែងនិងអនុ​គ្រោះ ដែលការលើកលែង និងអនុគ្រោះនេះ មាននីតិវិធី ជាច្រើនដែលអនុវត្តនៅក្នុងប្រកាស។

ចំណែកពន្ធប្រថាប់ត្រាដែលត្រូវអនុវត្តវិញរួមមាន៖ អ្នកទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលន -ទ្រព្យ និងអចលនទ្រព្យ, អ្នកទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់ភាគហ៊ុន, អ្នកទទួលបានកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ ថវិការដ្ឋ, និងអ្នកទទួលសិទ្ធិលើលិខិតមានលក្ខណៈគតិយុត្ត។

ក្រៅពីនេះចំណែកអ្នកជាប់ដែលត្រូវមានកាតព្វកិច្ច ក៏មាននីតិវិធីជា ច្រើនដែលត្រូវអនុវត្តដូចមាននៅក្នុងប្រកាសនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី