រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍នឹងរៀបដង្ហែក្បួនដ៏ធំនៅទីក្រុងសៀមរាប ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ អមជាមួយនឹងការសម្តែងសិល្បៈប្រពៃណី, ការតាំងបង្ហាញឡាន និងម៉ូតូពីសម័យបុរាណ ព្រមទាំង មានស្តង់តាំងបង្ហាញម្ហូបអាហារ និងសេវាកម្មទេសចរណ៍ច្រើនទៀត។

ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ នៅឯ ខេត្តសៀមរាម ជារៀងរាល់ឆ្នាំ ក្រសួងទេសចរណ៍ បានរៀបចំហែក្បូនដ៏ធំនៅក្នុងក្រុងសៀមរាម ដើម្បីអបរសាទរទិវាទេសចរណ៍ពិភពលោក។

លោក ធិម សេរីវុឌ្ឍី ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់វិទ្យុបាយ័នថា ការហែក្បួននេះគឺបានចាប់ពីម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលចំណុចចាប់ផ្តើមនៅរង្វង់មូលព្រះរាជដំណាក់។

លោក ធិម សេរីវុឌ្ឍី ប្រាប់វិទ្យុបាយ័នទៀតថា ៖ «ការហែរក្បូនគឺយើងរៀបចំ កាលពីឆ្នាំមុន ក៏យើងបានធ្វើ ឆ្នាំនេះយើងនឹងធ្វើធំជាងមុន ហើយយើងមានទាំងស្ថាប័នរដ្ឋ មានអាជ្ញាធរខេត្ត កំពុងតែធ្វើសកម្មភាពប្រមូលអាជីវករ ក៏ដូចជា រៀបចំពិព័រណ៌ផ្សេងៗ ឧទាហរណ៍ថា ម្ហូបអាហារ ក៏យើងមានដែរ ខាងយើងខ្ញុំទទួលរៀបចំស្តង់ ដើម្បីដាក់ជូនឱ្យប្រតិបត្តិករទេសចរ គាត់យកអាហារ ដើម្បីឱ្យភ្ញៀវញុំា ភ្លក់ នៅផ្តុំផ្លូវ ផាបស្ទីត។ ក្បួនហែយើងមានឡានចាស់ៗ ពីសម័យបុរាណ យើងមានល្បុក្កតោ ជាដើម»។

លោក ធិម សេរីវុឌ្ឍី បន្ថែមថា អមនឹងការហែរក្បួននេះ ក៏មានស្តង់លក់ទំនិញ និងសេវាទេសចរណ៍ចម្រុះមុខ ដែលមានការបញ្ចុះតម្លៃជូនអ្នកទៅទស្សនាផងដែរ។

លោក ធិម សេរីវុឌ្ឍី មានប្រសាសន៍ថា ៖«ក្នុងខែកញ្ញានេះ គឺនៅថ្ងៃទី២៧ យើងនឹងមានព្រឹត្តិការណ៍ទិវាទេសចរណ៍ពិភពលោក អាជីវកររាប់សិបកន្លែងកំពុងតែបញ្ចុះតម្លៃកំពង់ត្រៀមលក្ខណៈអបអរសាទរទិវាទេស​ចរណ៍​ពិភពលោក។ យើងធ្វើក្បួនដង្ហែធំនៅក្នុងខេត្ត ទាំងមន្រី្តរាជការ ទាំងវិស័យឯកជនរាប់រយនាក់ មានសិល្បៈករ ហើយអាជីវករគាត់ចូលរួមក្នុងការផ្សព្វផ្សាយបញ្ចុះតម្លៃ មានបន្ទប់ស្នាក់នៅ និងសេវាទេសចរណ៍ផ្សេងៗទៀត គឺចូលរួមជាមួយយើងទាំងអស់..»។

លោកជឿជាក់ថា តាមរយៈព្រឹត្តិការណ៍នេះ នឹងទាក់ទាញបានភ្ញៀវទេសចរយ៉ាងច្រើនកុះករទៅទស្សនាការដង្ហែក្បូននេះ ហើយព្រឹត្តិការណ៍ក៏នឹងជួយផ្សព្វផ្សាយកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសជរអន្តរជាតិថែមទៀត។

លោកបន្ថែមទៀតថា ៖«ការរៀបចំព្រឹត្តិការណ៍ជារៀងសំខាន់ យើងឃើញមានការឈប់សម្រាកច្រើនអីចឹងទៅ យើងអាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ជាសំខាន់មុន ហើយព្រឹត្តិការណ៍នេះ យើងអាចធ្វើបានជារៀងរាល់ឆ្នាំ ក្រុមហ៊ុនទេសចរណ៍នឹងបញ្ជូលព្រឹត្តិការណ៍នេះ ទៅក្នុងកញ្ចប់លក់សេវាទេសចរណ៍សម្រាប់ឆ្នាំបន្តបន្ទាប់ អីចឹងវាអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិថែមទៀត ឱ្យទទួលបានលទ្ធផលដែលយើងបានធ្វើ ជាពិសេស យើងអំពាវនាវហើយ ក៏មានការចូលរួមសកម្មរបស់វិស័យឯកជន ចូលរួមបញ្ចុះតម្លៃសេវាកម្មផ្សេងៗ ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកនេះ»។

នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជិត៦លាននាក់ និងឆ្នាំ២០២៦ ប្រមាណ៧លាននាក់។នេះបើយោងតាមរយៈសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ«ទេសចរណ៍ និងសន្តិភាព» នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបាន ភ្ញៀវទេសចរអន្តរជាតិ ៥,៤៥លាននាក់កើនឡើង រហូតដល់១៣៩.៥ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ២០២២៕