ក្រុមឈ្មួញកំពុងសម្រុកនាំសាច់បង្កកខូចគុណភាពច្រើនប្រភេទតាមច្រកស្ទឹងបត់យ៉ាងរលូនរីឯលោក ឆោម ភ័ព និងមន្រ្តីជំនាញរក្សាភាពស្ងៀមស្ងាត់…!

ខេត្តបន្ទាយមានជ័យ ÷ មហាជនលើកឡើងថាច្រករបៀងស្ទឹងបត់ ភូមិអណ្តូងថ្មមាស ឃុំគោកនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមួយនេះ រាល់ថ្ងៃក្រុមឈ្មួញកំពុងសម្រុកនាំចូលសាច់បង្កកជាច្រើនប្រភេទខូចគុណភាពរាប់តោនទាំងយប់ទាំងថ្ងៃបានដោយសេរីមិនមានការទប់ស្កាត់ពីសំណាក់មន្ត្រីជំនាញនិងលោក ឆោម ភ័ព ជាប្រធានច្រកឈរជើងនៅតំបន់នោះឡើយ។

 

ប្រភពបានអោយដឹងថា ការដឹកជញ្ជូនសាច់បង្កកខូចគុណភាពរាប់តោនតាមច្រកស្ទឹងបត់ខាងលើនេះ បានយកមកស្តុបនៅទីតាំងឃ្លាំងឈ្មោះ ពិសីខៀវ ឯ.ក ក្រុមហ៊ុន វឌ្ឍនះ ប្តូវេរី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបសាងដាក់រថយន្តឈ្នួលទំនើបៗនិងរថយន្តក្រុងនាំចេញចែកចាយតាមបណ្តាលខេត្តក្រុងនានាទូទាំងប្រទេស។

ករណីនេះពលរដ្ឋដាក់ការសង្ស័យប្រធានច្រកស្ទឹងបត់ លោក ឆោម ភ័ព និងមន្រ្តីជំនាញឈរជើងនៅច្រកនេះបានឃុបឃិតគ្នាជាប្រព័ន្ធហើយមើលទៅ..? បានជាបើកភ្លើងខៀវឲ្យឈ្មួញនាំទំនិញសាច់បង្កកខូចគុណភាពជាច្រើនពីប្រទេសថៃយកមកចែកចាយនៅប្រទេសកម្ពុជាយ៉ាងអនាធិបតេយ្យឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបរិភោគធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។ នេះហើយឬមន្ត្រីអនុវត្តច្បាប់មន្ត្រីគំរូដែលស៊ីប្រាក់ខែរាស្ត្រមែនទេ..?

ប្រភពខ្លះបានលើកឡើងថាអ្នកដែលគ្រប់គ្រងទំនិញនាំពីស្រុកថៃខូចគុណភាពម្ហូបអាហារត្រីសាច់នេះប្រចាំឃ្លាំងឈ្មោះ(ផល)ជាអ្នកគ្រប់គ្រងចែកចាយទាំងអស់បានដោយសារមានការរៀបចំសែនព្រេនអោយលោក ឆោម ភ័ព ប្រធានច្រកជាសំណែនរួចហើយ។

ពាក់ព័ន្ធករណីខាងលើអង្គភាពយើងខ្ញុំបានទំនាក់ទំនងទៅលោក ឆោម ភ័ព មេច្រកស្ទឹងបត់តាមប្រព័ន្ធWhatsAppលោកតបថាឲសួរទៅគយ ខ្ញុំបានតែសួរនាំរកលិខិតស្នាមពលករឆ្លងដែនបានប្រថាប់ត្រាមានឬអត់តែប៉ុណ្ណោះ។ ចំពោះលោក(ផល)ជាអ្នកគ្រប់គ្រងទំនិញ ថាមិនបាននាំសាច់បង្កកទេ.មានតែកន្តូបចង្រឹត។ ជាក់ស្តែង មានរូបភាពច្បាស់ហើយនូវបដិសេធទៀត..។

បញ្ហានាំសាច់បង្កកខូចគុណភាពឆ្លងដែនចូលតាមច្រកនេះដែរប្រជាពលរដ្ឋសូមសំណូមពរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក សុខវាសនា អគ្គនាយកនាយកដ្ឋានអន្តោប្រវេសន៍សូមលោកដាក់មន្ត្រីចុះសេុីបអង្កេតច្រកស្ទឹងបត់ខាងលើនេះផងទាន ដែលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញសាច់បង្កកខូចគុណភាពនាំចូលមកកម្ពុជាឲ្យប្រជាពលរដ្ឋបរិភោគបង្កឲប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ៕

អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 52 98 / 096 95 999 92. (វគ្គ១)ü