នាយឧត្តមសេនីយ៍ ទៀ សីហា៖ កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ពហុភាគីនិយម និងគោរពសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងអះអាងជាថ្មីម្តងទៀតថា នយោបាយការបរទេសរបស់កម្ពុជា នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ពហុភាគីនិយម និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ហើយប្រជាជនកម្ពុជាជឿជាក់លើការចចារ ដោយសន្តិវិធី និងមានការយោគយល់គ្នាទៅវិញទៅមកជាដើម។
ការលើកឡើងរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងវេទិកាប៉េកាំងសៀងសានលើកទី១១ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយវេទិកានេះបានប្រព្រឹត្តទៅក្រោមប្រធានបទ«ការលើកកម្ពស់សន្តិភាព ដើម្បីអនាគតរួមគ្នា» ដោយមានមន្រ្តីយោធាជាន់ខ្ពស់រាប់សិប ប្រទេសចូលរួមនោះ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា« ទោះបីជាកម្ពុជាមិនមែនជាប្រទេសធំក៏ដោយ ក៏យើងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកសន្តិភាព។ នយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ពហុភាគីនិយម និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ ប្រជាជាតិរបស់យើងប្តេជ្ញាជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក និងការយោគយល់គ្នា ហើយជំរុញការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការពិភាក្សា និងការពិគ្រោះយោបល់»។
នាយឧត្តមសេនីយ៍ប្រមុខការពារជាតិកម្ពុជា បានបន្ថែមទៀតថា សណ្តាប់ធ្នាប់ពិភពលោកថ្មី តម្រូវឱ្យមានការគិតគូរឡើងវិញនូវអភិក្រមរបស់យើងក្នុងវិស័យសន្តិសុខ និងការអភិវឌ្ឍន៍។ ទោះជាយ៉ាងណាក៏ដោយការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសមភាពនៅតែជាមូលដ្ឋានគ្រឹះក្នុងការស្វែងរកការអភិវឌ្ឍន៍រួម វិបុលភាព និងសន្តិភាពយូរអង្វែងរបស់យើង។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជាតិទាំងអស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី។ តាមទស្សនៈរបស់កម្ពុជា ពហុភាគីនិយមមានតួនាទីសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍រួម។