រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ មន្រ្តីនគរបាលទាំងអស់ ទោះបីមានឋាន្តរស័ក្ដិ និងតួនាទីខុសគ្នាបែបណាក៏ដោយ គឺត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់…

 

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាកងកម្លាំងរបស់ជាតិ មន្រ្តីនគរបាលទាំងអស់ ទោះបីមានឋាន្តរស័ក្ដិ និងតួនាទីខុសគ្នាបែបណាក៏ដោយ គឺត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់។ ការបញ្ជាក់នេះ ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ របស់មន្ត្រីនគរបាលជាតិកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

 

អនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ របស់មន្ត្រីនគរបាលជាតិកម្ពុជាចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។
ក្រោយពិធីផ្សព្វផ្សាយនាថ្ងៃនេះ ឯកឧត្តអភិសន្តិបណ្ឌិត ក៏បានណែនាំទៅកាន់ប្រធានអង្គភាពនគរបាលទាំងអស់ពន្លឿនការផ្សព្វផ្សាយអនុក្រឹត្យនេះបន្តទៅកាន់មន្រ្តីក្រោមឱវាទឱ្យបានយល់ដឹងច្បាស់ និងត្រូវធានាថា អនុក្រឹត្យនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកអនុក្រឹត្យនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសលើការពង្រឹងគុណភាពធនធានមនុស្ស និងសម្រាប់ក្រសួងមហាផ្ទៃផ្ទាល់ ក្នុងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានរលឹកជាថ្មីទៀត ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ បន្តពង្រឹងវត្តមានបំពេញការងារ អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីធានាផ្ដល់សេវារដ្ឋបាល និងសន្តិសុខ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព។
ក្នុងចំណោមអនុសាសន៍សំខាន់ៗជាច្រើនទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំអគ្គនាយកដ្ឋានធនធានមនុស្ស ពន្លឿនការប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្តីព្រាងប្រកាសស្តីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា ឱ្យបានមុនដាច់ឆ្នាំ២០២៤។ ដោយឡែក បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបញ្ចូលខ្លឹមសារអនុក្រឹត្យនេះទៅក្នុងកម្មវិធីសិក្សា ឬរៀបចំជាបទបាឋកថា ដើម្បីឱ្យនិស្សិត សិក្ខាកាម និងសិស្សនគរបាលគ្រប់កម្រិត និងគ្រប់ជំនាន់ បានយល់ដឹងអំពីរបបនៃការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ ៕