ពិធី​ក្រុងពលីទល់ទ្រសង្រោះបឋមប្រាសាទភ្នំពណ្ណរាយ…

 

ដោយ​មាន​ការ​ឯកភាព​ជាគោលការណ៍ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ អតីត​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ឆ្នាំង​ បាន​ខិតខំ​ប្រឹងប្រែង​ ស្វែង​រក​មូលនិធិ​ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការ​ទល់ទ្រសង្គ្រោះបឋមប្រាសាទភ្នំពណ្ណរាយ​។ ជាក់ស្ដែង​នាព្រឹកថ្ងៃទី១១​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ម្សិលមិញ មាន​ការ​រៀបចំ​ធ្វើពិធីក្រុងពាលីទល់ទ្រសង្គ្រោះបឋមប្រាសាទភ្នំពណ្ណរាយ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹងហ្វោនដេសិន​។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹងហ្វោនដេសិន ព្រមទាំងមានការចូលរួមពីតំណាង​ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង លោកអភិបាលស្រុក លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ លោកប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត លោក​អនុ​ប្រធាន​មន្ទីរ​ពត៌មាន​ខេត្ត​ រដ្ឋបាល​ស្រុក​ កងកម្លំាង​ទាំង​បី​ រដ្ឋបាល​ឃុំ​ច្រណូក​និងឃុំពោធិ៍​ ប្រជាការពារ រួមជាមួយ​លោក​គ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​សរុបប្រមាណជា​៤០០នាក់​។

ក្នុងឱកាសនោះ​ លោក​ប្រធាន​ស្តីទី​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ឆ្នាំង​ បាន​ថ្លែង​រាយការណ៍​អំពី​កិច្ចការ​ងារ​ជំនាញ​លើ​ការ​ទល់​ទ្រសង្គ្រោះបឋមស៊ុមទ្វារ​ខាងលិចនៃប្រាង្គប្រាសាទ​ខាងត្បូង​ និង​ការងារ​ជា​អាទិភាព​របស់​មន្ទីរ​ក្នុង​ការ​ចុះ​ស្រង់​ទិន្នន័យ​ វាស់​វែង​បុរាណ​ដ្ឋាន​ក្នុង​ស្រុក​កំពង់លែង​។ លោក​ប្រធាន​ស្តីទី​ ក៏បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក​ឧកញ៉ា​ អុឹង​ ប៊ុន​ហូវ​ ប្រធានមូលនិធិ អុឹងហ្វោនដេសិន​ ដែល​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​លេីការងារ​ទល់​ទ្រ​សង្គ្រោះ​បឋម​ស៊ុមទ្វារ​នៃប្រាសាទភ្នំ​ពណ្ណរាយ​។

ទន្ទឹម​នឹង​នោះ​ដែរ​ លោក​ប្រធាន​ស្តីទី​ ក៏បាន​អំពាវនាវ​ និង​ស្នើ​សុំ​ អ្នក​ឧកញ៉ា​ អុឹង​ ប៊ុន​ហូវ​ និង​សប្បុរសជន​នានាឱ្យបន្ត​ជួយ​ឧបត្ថម្ភ​ឈានដល់​ការ​ជួស​ជុល​ប្រាសាទ​ភ្នំ​ពណ្ណរាយទាំងមូល​ដែល​ត្រូវ​ការ​ចំណាយ​ថវិកាជាច្រេីន​ និង​ឧបត្ថម្ភ​ដល់​ការ​ងារ​វាស់​វែង​កំណត់​ព្រំដីបុរាណ​ដ្ឋាន​ ដែល​ចាំបាច់​ត្រូវ​ការ​បោះបង្គោលសរុបប្រមាណជា​ ៧០០បង្គោល។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ អ្នក​ឧកញ៉ា​ អុឹង​ ប៊ុន​ហូវ​ បាន​មាន​មតិ​អរគុណ​ដល់​លោក​ប្រធាន​ស្តីទី​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ថែរក្សា​ ការពារ​ និង​អភិរក្ស​សំណង់​បុរាណ​ និង​ទីទួល​បុរាណ​ដ្ឋាន​នានា​ក្នុង​ស្រុក​កំពង់លែង​ឱ្យ​បាន​គង់​វង្ស​។ បន្ថែម​ពី​លើ​នោះ​ អ្នក​ឧកញ៉ា​ បាន​មាន​ប្រសាសន៍​ថា​ទឹក​ដីស្រុក​កំពង់លែង​ ជាទឹកដីចំណាស់​មួយ​ ដែល​មនុស្ស​តាំង​ទី​រស់​នៅ​តាំង​ពី​សម័យ​បុរេប្រវត្តិ​សាស្ត្រ​ ដោយ​មាន​ភស្តុតាង​ ស្ថានីយ​បុរេប្រវត្តិ​សាស្ត្រ​ សំរោង​សែន​ និង​ទីទួល​មនុស្ស​រស់​នៅ​ដទៃទៀត​ ក៏ដូចជា​សំណង់​ប្រាសាទ​បុរាណ​ក្នុង​តំបន់​នៃស្រុក​កំពង់លែង​ ដែល​នេះជា​មោទនភាព​មួយ​របស់​អ្នក​ស្រុក​កំពង់លែង​។ អ្នក​ឧកញ៉ា​ អុឹង​ ប៊ុន​ហូវ​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ នឹង​បន្ត​អំពាវនាវ​ស្វែង​រក​មូលនិធិ​ដើម្បី​ជួយ​ដល់​ការ​ងារ​លើ​វិស័យ​សិល្បៈ​ វប្បធម៌​ ក្នុង​ស្រុក​កំពង់លែង​ ក៏ដូចជា​ខេត្ត​កំពង់ឆ្នាំង​ ដើម្បី​ជា​ចំណែក​ចូល​រួម​ថែរក្សា​ ការពារ​ និង​អភិរក្ស​សម្បត្តិ​វប្បធម៌​ដែល​មាន​ស្រាប់​បន្ត​ជា​និរន្តរ​ភាព​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ៗទៀត​៕