ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់មនុស្ស៤០នាក់លើតំបន់មនុស្សធម៌ក្រុងKhan Younis នៅហ្កាហ្សា
ក្រុមអាជ្ញាធរការពារជនស៊ីវិលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់៤០នាក់ ត្រូវបានសម្លាប់នៅភាគខាងត្បូងរបស់ដែនដីហ្កាហ្សា និងរាប់សិបនាក់ទៀតរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីតាំងដែលបានកំណត់ជាតំបន់មនុស្សធម៌ ។
ចំណែកយោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះរបស់ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលប្រតិបត្តិការមួយនៅទីក្រុង Khan Younis ដែលជាកម្មសិទ្ធិរបស់ក្រុមយុទ្ធជនហាម៉ាស ហើយថាខ្លួនបានចាត់វិធានការកាត់បន្ថយហានិភ័យនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។
អ្នកស្រុកបាននិយាយថា ការវាយប្រហារចំនួនបីលើកដាក់គោលដៅទៅលើជំរំតង់លំនៅដ្ឋានរបស់ប្រជាជនដែលភៀសខ្លួននៅក្នុងតំបន់មនុស្សធម៌ al-Mawasi ភាគខាងលិចទីក្រុង Khan Younis ដែលបណ្តាលឱ្យមានរណ្ដៅដ៏ធំៗជាច្រើន។
នាយកប្រតិបត្តិនៃអាជ្ញាធរការពារជនស៊ីវិលរបស់ក្រុមហាម៉ាសបានប្រាប់ទូរទស្សន៍ BBC ថា មនុស្សចំនួន៤០នាក់បានស្លាប់ និងជាង៦០នាក់ បានរងរបួស ស្របពេលមនុស្សជាច្រើននៅតែស្ថិតនៅក្រោមគំនរបាក់បែកពីការវាយប្រហារតាមអាកាសរបស់កងកម្លាំងអ៊ីស្រាអែល។
ក្រុមអាជ្ញាធរសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកើនឡើងដល់ ៤០.៩៨៨នាក់៕