ជនជាតិចិន២នាក់ ត្រូវនគរបាលនបញ្ជូនទៅតុលាការ ក្រោយបាញ់បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួស នៅខណ្ឌដង្កោ
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនជនសង្ស័យជនជាតិចិន២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារបណ្ដាលឲ្យនគរបាលម្នាក់ស្លាប់ នៅខណ្ឌដង្កោ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នារសៀលថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៤នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវកម្លាំងនគរបាលបង្ក្រាបបានកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តព្រះវិហារ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារ និងចាប់ជំរិតជនជាតិចិនដូចគ្នា ហេតុការណ៍បាញ់ប្រហារនេះ បណ្ដាលឲ្យនគរបាលម្នាក់ស្លាប់ និងជនជាតិចិនម្នាក់រងរបួស ខណៈជនជាតិចិនម្នាក់ផ្សេងទៀត ត្រូវចាប់ខ្លួនយកទៅបាត់។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ មានករណីរថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-5779 រថយន្ដរបស់ខ្មាន់កាំភ្លើង បើកមកបុកចំពីមុខរថយន្ដរបស់ជនរងគ្រោះ ម៉ាក MERCEDES BENZ S560L ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BF-8168 ហើយឈានដល់ការបាញ់ប្រហារដែលបានកើតឡើង ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និង ម្នាក់ទៀតរងរបួស ជនជាតិចិន។