មន្ត្រីជំនាញ៖ខេត្តកំពតឆ្នាំនេះភ្ញៀវអាចកើនដល់២,៥លាននាក់ ខណៈ៨ខែដើមឆ្នាំមានភ្ញៀវ១,៦លាននាក់…
កំពត ៖ មន្ត្រីជំនាញបានលើកឡើងថា ស្ថានភាពលំហូរភ្ញៀវទេសចរមកកាន់ខេត្តកំពត មានភាពល្អប្រសើរ តាំងពីមានរូបសំណាកសេះសមុទ្រមក ហើយរយៈ៨ខែដើមឆ្នាំ២០២៤នេះ ខេត្តទទួលទេសចរចំនួន១,៦លាននាក់ ហើយដោយសារមានសមិទ្ធិផលឯកបន្ថែម គឺនាឡិកាធំហើយខ្ពស់ជាងគេផងនោះ ចំនួនភ្ញៀវអាចកើនដល់២,៥លាននាក់។ ភ្ញៀវទេសចរនិងយុវជនពេញចិត្តយ៉ាងខ្លាំង ចំពោះសមិទ្ធផលឯកថ្មីៗរបស់ខេត្តកំពត។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឲ្យខេត្តកំពតរីកចម្រើនលើកគ្រប់វិស័យ។ ដោយឡែកចំពោះវិស័យទេសចរណ៍ ឯកឧត្តមបានផ្តួចផ្តើមគំនិត រៀបចំតុបតែងលម្អសួនច្បារ ឆ្នេរខ្សាចកម្សាន្ត និងបង្កើតសមិទ្ធផលឯកថ្មីៗជាបន្តបន្ទាប់ ដូចជារូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាធំហើយខ្ពស់ជាងគេនៅកម្ពុជាជាដើម ធ្វើឲ្យលំហូរភ្ញៀវទេសចរមកលេងខេត្តកំពតមានភាពល្អប្រសើរ។ លោកបានបញ្ជាក់ថា ៨ខែដើមឆ្នាំ២០២៤នេះ ខេត្តទទួលទេសចរចំនួន ១,៦លាននាក់ ហើយដោយសារមានសមិទ្ធិផលឯកបន្ថែម(នាឡិកាធំហើយខ្ពស់ជាងគេ) និងព្រឹត្តិការណ៍បុណ្យសមុទ្រផងនោះ ចំនួនភ្ញៀវនឹងអាចកើនដល់២,៥លាននាក់ក្នុងឆ្នាំ២០២៤នេះ ។
ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគាត់ពេញចិត្តចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ពិសេសការរៀបចំច្នៃបង្កើតសមិទ្ធផលឯកសម្រាប់ខេត្ត ស្អាតហើយទាក់ទាញ និងបានស្នើឲ្យអាជ្ញាធរប្រឹងប្រែងបន្ថែមទៀត។ ខណៈដែលយុវជនម្ចាស់ស្រុក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានបង្កើតសមិទ្ធផលឯកទាំងពីរ សម្រាប់ទាក់ទាញទេសចរ បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ។
កន្លងមកថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពតបានលើកឡើងថា កំពតជាខេត្តគោលដៅទេសចរណ៍សម្បូរបែបដ៏មានសក្តានុពលបំផុតមួយ ក្នុងចំណោមខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។ ខេត្តនេះទទួលបានពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទងផង និងពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានផងដែរ បើតាមការព្យាករណ៍របស់ឯកឧត្តមកំពតនឹងក្លាយជាខេត្តគោលដៅទេសចរណ៍ ទាក់ទាញភ្ញៀវឲ្យមកសម្រាកលម្ហែច្រើនជាងគេរបស់កម្ពុជា៕