មនុស្ស ៣០នាក់បានស្លាប់ និងច្រើននាក់ទៀតបាត់ខ្លួន បន្ទាប់ពីបាក់ទំនប់ទឹកនៅស៊ូដង់…

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (២៦ សីហា) ថា កម្ពស់ទឹកបានហក់ឡើងយ៉ាងខ្លាំងបណ្ដាលឱ្យបាក់ទំនប់ ហើយបំផ្លាញភូមិយ៉ាងហោចណាស់២០ និងបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣០ នាក់ស្លាប់ និងច្រើននាក់បាត់ខ្លួននៅភាគខាងកើតប្រទេសស៊ូដង់ ប៉ុន្តែតួលេខអុ្នកសា្លប់ប្រហែលជាខ្ពស់ជាងនេះទៀត ដោយបង្កការបំផ្លិចបំផ្លាញដល់តំបន់ដែលរងគ្រោះដោយសង្រ្គាមជាច្រើនខែរួចមកហើយ។

ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ជោរជន់លើទំនប់ អាបាត (Arbaat) កាលពីថ្ងៃអាទិត្យ ដែលមានចម្ងាយត្រឹមតែ ៤០គីឡូម៉ែត្រនៅភាគខាងជើងនៃទីក្រុង ផតស៊ូដង់ (Port Sudan) ដែលជារដ្ឋធានីតាមជាក់ស្ដែង និងមូលដ្ឋានសម្រាប់រដ្ឋាភិបាល អ្នកការទូត ទីភ្នាក់ងារផ្តល់ជំនួយ និងជនភៀសខ្លួនរាប់សែននាក់។

អង្គការសហប្រជាជាតិ និយាយថា លំនៅឋានរបស់ប្រជាជនប្រហែល ៥០.០០០គ្រួសារ ត្រូវរងផលប៉ះពាល់ដោយទឹកជំនន់ ដោយចំនួននេះគិតតែលើតំបន់ខាងលិចទំនប់ប៉ុណ្ណោះ ខណៈតំបន់ភាគខាងកើតមិនអាចចូលទៅដល់បាន៕