នគរបាលបញ្ជូនខ្លួនស្រ្តីម្នាក់ទៅតុលាការ ក្រោយបាញ់បោះសេរី និងបង្ហោះលេងក្នុងបណ្ដាញសង្គម..

.

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ BTVនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធស្រ្តីម្នាក់មានគណនី facebook ឈ្មោះ Yubee Ly បានបង្ហោះប្រើប្រាស់អាវុធ កាំភ្លើងខ្លី បាញ់បោះសេរី ត្រូវបាន​នគរបាលបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

ក្រោយមានការបង្ហោះក្នុងបណ្ដេញសង្គម និងបានចែករំលែកតៗគ្នា ​ពាក់ព័ន្ធករណី ស្រ្តីម្នាក់មានគណនី facebook ឈ្មោះ Yubee Ly បានប្រើប្រាស់អាវុធ កាំភ្លើងខ្លី បាញ់បោះសេរី ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួន​ភ្លាមៗ​តែម្ដង ​នាយបើថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ផងកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ប្រហែល១ម៉ោងក្រោយការបង្ហោះ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់​ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ដ្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ​ដឹកនាំលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ​បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

សូមបញ្ជាក់ផងដែរ​ ស្ដ្រីដែលត្រូវបានឃាត់ខ្លួនឈ្មោះ​ ម៉េង លីហ័រ អាយុ២៤ឆ្នាំ ក្រោយឃាត់ខ្លួនន​ស្រ្តីនោះបានសារភាពថា​ វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើប​យកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly៕