ចំនួនអ្នកស្លាប់ដោយសាររលកកម្តៅនៅកូរ៉េខាងត្បូង កើនឡើងដល់ ២២នាក់

បុរសម្នាក់អាយុជាង ២០ឆ្នាំ បានស្លាប់កាលពីថ្ងៃអង្គារ (១៣ សីហា) ដោយសង្ស័យថាជាប្រតិកម្មបណ្ដាលពីការប៉ះពាល់នឹងកម្ដៅខ្លាំង ដែលធ្វើឱ្យចំនួន​អ្នកស្លាប់ទូទាំងប្រទេសដោយសារជំងឺទាក់ទងនឹងកម្ដៅដ៏ខ្ពស់នេះ ឡើងដល់ ២២ គិតត្រឹមថ្ងៃព្រហស្បតិ៍ (១៥ សីហា)។

ក្នុងចំណោមមនុស្ស ២.៥៧០នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺទាក់ទងនឹងកម្ដៅ មានមនុស្ស ២២នាក់បានស្លាប់ចាប់តាំងពីថ្ងៃ​ទី​២០ ឧសភា រហូតដល់ម៉ោង ៤រសៀល (ម៉ោងក្នុងស្រុក) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍​នេះ នេះបើយោងតាមតួលេខចុងក្រោយរបស់ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺរបស់កូរ៉េ អំឡុងពេលដែលប្រទេសនេះកំពុងប្រឈមនឹង​រលក​​កម្ដៅដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ចំនួនមនុស្សសរុបដែលបានទទួលរងពីជំងឺទាក់ទងនឹងកម្ដៅរហូតមក​ដល់ពេលនេះ បានលើសពីតួលេខ ២.២០០នាក់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យកាលពីឆ្នាំ២០២៣។

ការស្លាប់ចុងក្រោយបំផុតដោយសារតែរលកកម្ដៅ បានកើតឡើងក្នុងពេលបុរសម្នាក់នោះដំឡើងម៉ាស៊ីនត្រជាក់នៅក្នុងអាហារដ្ឋានសាលាមធ្យមសិក្សាមួយក្នុងខេត្ត ចូឡា ខាងត្បូង (South Jeolla) វេលាម៉ោង៤:៤០នាទីរសៀលថ្ងៃទី១៣ សីហា ។

បុរសនោះបាននិយាយថា ខ្លួនមានអារម្មណ៍វិលមុខ ហើយត្រូវបានគេបញ្ជូន​ទៅមន្ទីរពេទ្យក្បែរនោះដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែក្រោយមកក៏បានស្លាប់ ហើយនេះជាការស្លាប់ទីពីរនៅខេត្តនេះដោយសារកម្ដៅខ្លាំង។

កម្ដៅមិនឈប់ឈរបានវាយលុកកូរ៉េខាងត្បូងទាំងយប់ទាំងថ្ងៃ ខណៈទីក្រុង​សេអ៊ូល កំពុងតែបន្តទប់ទល់នឹងអាកាសធាតុក្ដៅមិនធម្មតា៕