ហ្វីលីពីន នឹងតវ៉ាផ្នែកការទូតទៅចិន ជុំវិញឧប្បត្តិហេតុផ្លូវអាកាសនៅសមុទ្រចិនខាងត្បូង
រដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងម៉ានីល លោក អ៊ិនរីកេ ម៉ាណាឡូ (Enrique Manalo) បាននិយាយនៅថ្ងៃចន្ទ (១២ សីហា) នេះថា ប្រទេសហ្វីលីពីន នឹងធ្វើការតវ៉ាការទូតជាមួយប្រទេសចិន ជុំវិញឧប្បត្តិហេតុនាពេលថ្មីៗនេះពាក់ព័ន្ធនឹងយន្តហោះរបស់កងទ័ពអាកាស នៅក្នុងដែនអាកាសលើដែនទឹកសមុទ្រចិនខាងត្បូង។
ប្រមុខយោធាហ្វីលីពីន លោក រ៉ូមីអូ ប្រនើ (Romeo Brawner) បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នឹងបន្តការល្បាតដែនសមុទ្រនៅសមុទ្រចិនខាងត្បូង បើទោះបីជាមានសកម្មភាព «គ្រោះថ្នាក់ និងបង្កហេតុ» របស់កងទ័ពអាកាសរបស់ចិន កាលពីសប្តាហ៍មុនក៏ដោយ ។
យោធាហ្វីលីពីន បានត្អូញត្អែរពីសកម្មភាពដ៏គ្រោះថ្នាក់របស់យន្តហោះចិនពីរគ្រឿង ដែលបានទម្លាក់ឧបករណ៍ផ្សែងផ្ដល់សញ្ញានៅក្នុងផ្លូវរបស់យន្តហោះរបស់កងទ័ពអាកាសហ្វីលីពីន ដែលកំពុងធ្វើការល្បាតតាមទម្លាប់នៅលើដែនអាកាសថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) កាលពីថ្ងៃទី០៨ ខែសីហា។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) បាននិយាយថា លោកសង្ឃឹមថាចិននឹងអនុវត្តតាមច្បាប់អន្តរជាតិ និងលើតម្រូវការក្នុងការបន្ថយភាពតានតឹង។ ស្ថានទូតចិននៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ កាលពីថ្ងៃសៅរ៍ ទីបញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា យន្តហោះហ្វីលីពីនបានឈ្លានពានដោយខុសច្បាប់ បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតក៏ដោយ៕