កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទុ្ធយោធារួមគ្នាដ៏ធំនៅចុងខែសីហានេះ

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទុ្ធយោធារួមគ្នាដ៏ធំនៅចុងខែសីហានេះ

មន្ត្រីនៃប្រទេសទាំងពីរបាននិយាយនៅថ្ងៃចន្ទ (១២ សីហា) នេះថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាង ១០ថ្ងៃនៅចុងខែសីហានេះ ដើម្បីពង្រឹងជំហរការពាររួមបញ្ចូលគ្នារបស់សម្ព័ន្ធមិត្តទាំងពីរ។

សមយុទ្ធដែលត្រូវបានគេហៅថា «ខែលការពារសេរីភាព អ៊ុយឈី» (Ulchi Freedom Shield-UFS) នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែសីហា ហើយនឹងឆ្លុះបញ្ចាំងពីការគំរាមកំហែងជាក់ស្តែងដូចជាការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើង ការកកស្ទះប្រព័ន្ធកំណត់ទីតាំងសកល (GPS) ការវាយប្រហារតាមអ៊ីនធឺណិត និងមេរៀនដែលបានរៀនពីជម្លោះប្រដាប់អាវុធថ្មីៗនេះ នេះបើតាមការលើកឡើងរបស់ក្រុមមន្ត្រីនៅក្នុងសន្និសីទសារព័ត៌មាន។

មន្ត្រីក៏បាននិយាយផងដែរថា បណ្តាប្រទេសជាសមាជិកនៃទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) នឹងរួមចំណែកដល់បុគ្គលិកយោធាក្នុងសមយុទ្ធនេះ ហើយគណៈកម្មការត្រួតពិនិត្យជាតិអព្យាក្រឹត នឹងធ្វើការសង្កេតជាភាគីទីបីនៃសមយុទ្ធ ដោយប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវដែលមានចែងក្នុងកិច្ចព្រមព្រៀងឈប់បាញ់។