ការប្រកួតបាល់ទាត់ជម្រើសជាតិខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ បានបើកទំព័រការប្រកួតរដូវកាលថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ ជាមួយលទ្ធផលឈ្នះ-ចាញ់ទាំង ៥ប្រកួត ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង លើក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ រហូតដល់ ៧-០ ដែលជាការចាប់ផ្ដើមគួរឲ្យចាប់អារម្មណ៍ អមជាមួយកំណត់ត្រាល្អៗជាច្រើន ក្នុងការប្រកួតដំបូងនេះ ។
សម្រាប់ជំនួបនៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី១១ ខែសីហា នៅចំពោះមុខអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋានចំនួន ៣,៩៤៣នាក់ បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្តជាខ្លាំង ជាមួយការដណ្ដើមបាន ៣ពិន្ទុ អមជាមួយការការពារសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់សូម្បី ១គ្រាប់ ។ ចំពោះគ្រាប់បាល់ជ័យជម្នះរបស់ក្រុមជើងឯកឆ្នាំចាស់នេះ ធ្វើសម្រេចដោយកីឡាករ Cristian Dos Santos ២គ្រាប់ នៅនាទីទី៨ និងនាទី៦៣ គ្រាដែល ៥គ្រាប់ទៀត រកបានម្នាក់ ១គ្រាប់ដោយកីឡាករ មិន រតនៈ, Bounkong Bounphachan, មីហ្ស៊ូណូ ហ៊ីការ៉ុ, Pablo Augusto និង គឹម សុខយុទ្ធ ។
ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះនេះដែរ Cristian Dos Santos បានក្លាយជាកីឡាកររកបានគ្រាប់បាល់លឿនជាងគេ ក្នុងចំណោម ៥ប្រកួតបើករដូវកាលថ្មី បន្ទាប់ពីប្រើរយៈពេល ៨នាទី ដើម្បីរកគ្រាប់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ដោយបំបែកគ្រាប់បាល់លឿនជាងគេ កាលពីថ្ងៃសៅរ៍របស់កីឡាករមីយ៉ាន់ម៉ា Thiha Zaw ដែលរកគ្រាប់បាល់នាំមុខឲ្យក្រុមណាហ្គាវើលដ៏ លើក្រុមភ្ញៀវគិរីវង់សុខសែនជ័យ នៅទីទី១០ ។
ជ័យជម្នះនេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង បានឈរកំពូលតារាងបណ្ដោះអាសន្ន ក្នុងសប្ដាហ៍ទី១ នៃការប្រកួតជើងឯកលីគកំពូលកម្ពុជា៕