កូនប្រុសលោកស្រី Hasina ព្រមានពីភាពវឹកវរនៅបង់ក្លាដែស បើពុំមានការបោះឆ្នោតភ្លាមៗ

កូនប្រុសរបស់អតីតមេដឹកនាំបង់ក្លាដែស ដែលត្រូវបានផ្តួលរំលំ លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានថ្លែងអំណរគុណដល់ទីក្រុងញូវដែលីកាលពីថ្ងៃអាទិត្យ (១១ សីហា) សម្រាប់ «ការសង្គ្រោះជីវិតរបស់ម្ដាយខ្លួន» ដោយចោទប្រកាន់អាជ្ញាធរចាំផ្ទះថាអនុញ្ញាតឱ្យ «មានការគ្រប់គ្រងពីមនុស្សក្រៅនយោបាយ» និងបានព្រមានពីភាពវឹកវរនៅពេលខាងមុខ បើពុំមានការបោះឆ្នោតឆាប់រហ័សនោះទេ។

លោកស្រី Hasina វ័យ ៧៦ឆ្នាំបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ សប្ដាហ៍មុន បន្ទាប់ពីការតវ៉ាដឹកនាំដោយនិស្សិត ហើយបានភៀសខ្លួនដោយឧទ្ធម្ភាគចក្រទៅកាន់សម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួនគឺប្រទេសឥណ្ឌា។

យោធាបានប្រកាសការលាលែងពីតំណែងនោះ ហើយបន្ទាប់មកបានយល់ព្រមតាមការទាមទាររបស់និស្សិតឱ្យ លោក ម៉ូហាម៉ាដ យូនុស (Muhammad Yunus) វ័យ ៨៤ ឆ្នាំដឹកនាំរដ្ឋបាលចាំផ្ទះ ទទួលបន្ទុកទបញ្ចប់ភាពមិនគ្មានសណ្ដាប់ធ្នាប់ និងការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។

ទោះបីជាយ៉ាងណាក៏ដោយ កូនប្រុសរបស់លោកស្រី Hasina និងជាអតីតទីប្រឹក្សារដ្ឋាភិបាល គឺលោក សាជីប វ៉ាហ្សេដ ចយ (Sajeeb Wazed Joy) វ័យ ៥៣ឆ្នាំ បានរិះគន់រដ្ឋាភិបាលបណ្តោះអាសន្នថា «គ្មានអំណាចទាំងស្រុង» និងមានសមាសភាព «មានតែឈ្មោះ»។ លោកបានចង្អុលទៅលើការបណ្ដេញមន្ត្រីជាន់ខ្ពស់ រួមទាំងប្រធានយុត្តិធម៌ ទេសាភិបាលធនាគារកណ្តាល និងប្រធាននគរបាល តាមការទាមទាររបស់ក្រុមបាតុករ។

លោក Yunus បាននិយាយថាលោកចង់បានការបោះឆ្នោត «ក្នុងរយៈពេលពីរបីខែ» ប៉ុន្តែលោក Wazed បានព្រមានអំពីហានិភ័យ ប្រសិនបើការបោះឆ្នោតត្រូវបានពន្យារពេល។

លោកស្រី Hasina បានឈ្នះការបោះឆ្នោតនៅខែមករា ខណៈត្រូវបានរិះគន់ថាមិនសេរី ឬមិនយុត្តិធម៌ ហើយត្រូវបានធ្វើពហិការដោយគូប្រជែងពិតប្រាកដ បន្ទាប់ពីការបង្ក្រាបក្នុងអំឡុងពេលសមាជិកបក្សប្រឆាំងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន៕