
លោក Trump និយាយថា មានការសន្ទនាតាមទូរស័ព្ទដ៏ល្អជាមួយលោក Zelenskiy ដោយសន្យាថានឹងបញ្ចប់សង្គ្រាម…
បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា លោកមានការសន្ទនាតាមទូរស័ព្ទដ៏ល្អប្រសើរ កាលពីថ្ងៃសុក្រ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ហើយបានសន្យាថា នឹងបញ្ចប់សង្រ្គាមសម្រាប់ទីក្រុងគីវ ប្រឆាំងទីក្រុងមូស្គូ តាមរយៈការចរចា។
លោក Zelenskiy ក៏បានរាយការណ៍ពីការសន្ទនារបស់លោកជាមួយ លោក Trump និងបានសម្តែងការអរគុណ ចំពោះជំនួយយោធារបស់សហរដ្ឋអាមេរិក។ ប៉ុន្តែលោក ពុំបាននិយាយយោងនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះដែលមានអាយុកាល២៨ ខែនោះទេ។ លោក Trump បាននិយាយថា លោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ទោះបីជានៅមុនពេលដែលលោកចូលកាន់តំណែង នៅខែមករាក៏ដោយប្រសិនបើលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកា។ លោកក៏ធ្លាប់បាននិយាយដែរថា ប្រសិនបើលោកចូលកាន់តំណែង នៅពេលដែលវិមានក្រឹមឡាំង បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ សង្រ្គាមនឹងមិនកើតឡើងនោះទេ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Truth Social លោក Trump និយាយថា ក្នុងនាមជាប្រធានាធិបតី លោកនឹងនាំយកសន្តិភាពទៅកាន់ពិភពលោក និងបញ្ចប់សង្គ្រាម ដែលបានធ្វើឲ្យមនុស្សស្លាប់ជាច្រើន។ ទោះបីជាលោក Trump បានដាក់ចេញនូវសំណើគោលនយោបាយជាក់ស្តែងមួយចំនួនក៏ដោយ លោកបានប្រាប់សារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំមុនថា អ៊ុយក្រែន ប្រហែលជាត្រូវប្រគល់ទឹកដីខ្លះដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ នៅក្នុងបង្ហោះលើបណ្តាញសង្គម លោក Zelenskiy បាននិយាយថាលោកអបអរ ចំពោះលោក Trump ដែលបានក្លាយជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ហើយបានថ្កោលទោសការប៉ុនប៉ងធ្វើឃាតលើរូបលោក កាលពីសប្តាហ៍មុន។
លោក Zelenskiy ច្រានចោលរាល់ការចរចាណាមួយជាមួយរុស្ស៊ី ស្តីពីការបញ្ចប់ជម្លោះ ដរាបណាកងទ័ពរុស្ស៊ី នៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែន៕