កងទ័ពបន្ថែមកម្លាំងកាន់តែច្រើន ក្រោមអាកាសធាតុអាប់អួរក្នុងការរុករក​ឧទ្ធម្ភាគចក្រ​ដែលបានបាត់នៅខេត្តពោធិ៍សាត់

 

រហូតដល់ព្រឹកថ្ងៃអង្គារនេះ គឺជាថ្ងៃទី៥ហើយ នៃប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែល​បាន​បាត់​ដំណឹង នៅតំបន់ជួរភ្នំក្រវាញ ពេលហ្វឹកហ្វឺន ខណៈដែលកម្លាំងចម្រុះ កំពុងបង្កើន​សកម្មភាព​យ៉ាង​ស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន។

ថ្លែងប្រាប់ទូរទស្សន៍ BTV នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ កម្ពុជា​បាន​បញ្ជាក់ថាក្នុងប្រតិបត្តិការរយៈពេល ៥ថ្ងៃមកនេះ មិនទាន់មាន​តម្រុយ​ណា​មួយ​ជាក់​លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាចក្រ និងមនុស្ស ២នាក់​ដែល​បាត់​ខ្លួន​ជាមួយ​ឧទ្ធម្ភាគចក្រ​នោះ​នៅ​ឡើយ​ទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និង​ព្រៃក្រាស់ជាដើម។

ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កងកម្លាំងរបស់យើងនៅតែបន្តខិតខំ និង​ប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន និង​អ្នក​សារព័ត៌មាន​ជាបន្តបន្ទាប់ នៅពេលទទួលបានលទ្ធផលណាមួយ។

សូមបញ្ជាក់ថា​ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9 បានបាត់ចេញពីរាដា( ធ្លាក់) នៅតំបន់​ភ្នំ​ជួរ​ក្រវាញ​រវាង​ព្រំប្រទល់ខេត្តពោធិសាត់ និងខេត្តកោះកុងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤​កន្លង​ទៅ​នេះ​ខណៈកំពុងធ្វើការហ្វឹកហ្វឺន(រៀនបើកបរ)។ បើតាមការអះអាង​របស់​នាយឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ការ​ធ្លាក់​នេះ​​​គឺកើតចេញពីអាកាសធាតុមិនអំណោយផល។

រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការ​រុករកពុំទាន់​ឃើញ​ពន្លឺ​ណា​មួយ​កំណត់​គោលដៅរកឃើញកន្លែងឧបទ្វវហេតុចនៅឡើយនោះទេ ខណៈក្រុមប្រតិបត្តិករ បាន​កំពុង​ដាក់​គោលដៅកំណត់យ៉ាងសកម្មបំផុតក្នុងការរុករក បើទោះបីជាអាកាសធាតុ​មិន​អំណោយ​ផល​យ៉ាង​ណាក៏ដោយនោះ៕ អត្ថបទ៖ បាន ចក់