ការបាញ់ប្រហារលើលោក Trump រំលឹកពីការប៉ុនប៉ងធ្វើឃាតកន្លងមក ប្រឆាំងនឹងមេដឹកនាំអាមេរិក…

 

លោក Donald Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍ (១៣ កក្កដា) នៅក្នុងអ្វីដែល FBI ហៅថាជាការប៉ុនប៉ងធ្វើឃាត ខណៈលោក Trump បានរួចរស់ជីវិតពីការវាយប្រហារ និងមានរបួសត្រង់ត្រចៀក។ ហេតុការណ៍នោះធ្វើឱ្យគេនឹកឃើញដល់ការប៉ុនប៉ងធ្វើឃាតកន្លងមកលើមេដឹកនាំអាមេរិក ទាំងជោគជ័យ និងមិនជោគជ័យ។

ប្រធានាធិបតីអាមេរិក ៤នាក់ត្រូវបានគេធ្វើឃាតពេលកាន់តំណែង រួមមានទីមួយលោក អាប្រាហាំ លីនខុន (Abraham Lincoln) ដែលត្រូវបានសម្លាប់នៅឆ្នាំ១៨៦៥ នៅរោងមហោស្រព ហ្វត (Ford) ក្នុងទីក្រុងវ៉ាស៊ីនតោន។ ទីពីរគឺលោក ជេមស៍ ហ្កាហ្វីល (James Garfield) ដែលត្រូវបានគេបាញ់នៅឆ្នាំ១៨៨១ នៅស្ថានីយ៍រថភ្លើងទីក្រុងវ៉ាស៊ីនតោន ហើយបានស្លាប់ពីរខែកន្លះក្រោយមកដោយសាររបួស។ ទីបីលោក វីលៀម មេកឃីនលី (William McKinley) ត្រូវគេធ្វើឃាតនៅឆ្នាំ១៩០១ នៅក្រុង បាហ្វឺឡូ (Buffalo) រដ្ឋញូវយ៉ក (New York) និងទីបួនគឺលោក ចន អេហ្វ ខិនណេឌី (John F. Kennedy) ត្រូវបានគេបាញ់នៅឆ្នាំ១៩៦៣ នៅក្រុង ដាលឡាស (Dallas) រដ្ឋតិចសាស់ (Texas)។

មេដឹកនាំដែលរួចជីវិតពីការប៉ុនប៉ងធ្វើឃាតរួមមាន លោក Donald Trump, លោក រ៉ូណល រ៉េហ្កេន (Ronald Reagan) ដែលត្រូវគេបាញ់នៅឆ្នាំ១៩៨១ ក្នុងទីក្រុងវ៉ាស៊ីនតោន, លោក ជឺរ៉ល ហ្វដ (Gerald Ford) បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតពីរដងក្នុងពេលតិចជាង ៣ សប្តាហ៍ក្នុងឆ្នាំ១៩៧៥, លោក ស៊ីអូឌ័រ រ៉ុសេវ៉េល (Theodore Roosevelt) ដែលត្រូវគេបាញ់ចំទ្រូងក្នុងឆ្នាំ១៩១២។ មិនត្រឹមតែប៉ុណ្ណេះ នៅមានមេដឹកនាំនៅសហរដ្ឋអាមេរិក ជាច្រើនរូបទៀតដែលមានតំណែងជាន់ខ្ពស់ ត្រូវបានជួបហេតុការណ៍ដូចគ្នានេះក្នុងពេលជាច្រើនឆ្នាំកន្លងមកនេះ៕