ក្រុមប្រតិបត្តិការរុករក​ឧទ្ធម្ភាគចក្រ​ធ្លាក់នៅខេត្តពោធិ៍សាត់ មិនទាន់រកឃើញ ខណៈភាគីពាក់ព័ន្ធកំណត់គោលដៅ៥០គីឡូម៉ែត្របួនជ្រុង…

 

ក្រសួងការពារជាតិប្រកាសថា ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់បង់ចេញពីរាដា(ធ្លាក់) នៅតំបន់ភ្នំជួរក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅមិនទាន់បានរកឃើញទេ ខណៈភាគីពាក់ព័ន្ធកំពុងស្វះស្វែង រុករកយ៉ាងសកម្មនោះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បាន​បញ្ជាក់ថា​ «ក្រសួងការពារជាតិ ​សូមប្រកាសជូនដំណឹងដល់​សាធារណៈជនឱ្យ​បានជ្រាបថា៖ ក្រោម​កិច្ច​ខិតខំប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់ពី​ក្រុមការងារជួយសង្រ្គោះ​ អស់រយៈពេលពេញ​មួយថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ​ក្រោម​អាកាសធាតុ​មិន​អំណោយផល​ និង​ឧបសគ្គ​ជា​ច្រើនក្នុងបេសកកម្ម​រុករក​ឧទ្ធម្ភាគចក្រ​មួយគ្រឿង ​ដែលបាន​បាត់បង់ ការ​ទាក់ទង​ពី​ទី​បញ្ជាការ​ទ័ពអាកាស ​ក្នុងពេល​កំពុង​ហាត់ហ្វឹកហ្វឺន​ នៅភូមិសាស្ត្រជួរភ្នំក្រវាញ​ ស្ថិតក្នុងខេត្តពោធិ៍សាត់​ និង ខេត្តកោះកុង ​ក្រុមការងារជួយសង្រ្គោះនៅមិនទាន់ប្រទះឬ រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ ។ នៅព្រឹកថ្ងៃទី ១៤​ ខែកក្កដា ឆ្នាំ២០២៤ នេះ​ ក្រុមការងារជួយសង្រ្គោះ ​ដែល​មានការ​ចូលរួម​ពី​បណ្តាកង​ឯកភាពពាក់ព័ន្ធ ក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រ និងខិតខំប្រឹងប្រែង​បន្តសកម្មភាព​ស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់បន្តទៀត ។

សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9ត្រូវបាន​គេរាយការណ៍ថា បាត់ចេញពីរាដា( ធ្លាក់) នៅតំបន់ភ្នំជួរក្រវាញ ​រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ ​និងខេត្តកោះកុង​ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ខណៈកំពុងធ្វើការហ្វឹកហ្វឺន(រៀនបើកបរ)។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួងការពារជាតិ បានបញ្ជាក់ថា ​ការធ្លាក់នេះ គឺកើតចេញពីអាកាសធាតុមិនអំណោយផល។

ក្រុមប្រតិបត្តិការ​ ដែលដឹកនាំ​ដោយ​ក្រសួងការពារជាតិ​ បានកំពុងដាក់គោលដៅកំណត់​យ៉ាង​សកម្មបំផុតក្នុងការរុករក​ ដោយថ្ងៃទី១៤ ខែកក្កដានេះ បានដាក់ផែនការ ៥០គីឡូម៉ែត្រ៤ជ្រុង ក្នុងការរុករក៕