ឯកឧត្តម ឈាង រ៉ា ដឹកនាំប្រជុំក្រុមការងារវិស័យឯកជនផ្នែកសុខា​ភិបាល​នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

 

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារផ្នែកសុខាភិបាល (ក្រុម «ឋ») តំណាងផ្នែករាជរដ្ឋាភិបាល បាន​​ដឹកនាំកិច្ចប្រជុំក្រុមការងារជាមួយវិស័យឯកជន ដែលដឹកនាំដោយឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានក្រុមការងារផ្នែកសុខា​ភិបាល (ក្រុម «ឋ») តំណាងផ្នែកឯកជន, នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងកិច្ចប្រជុំក្រុមការងារវិស័យឯកជនផ្នែកសុខាភិបាល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក៏មានការចូលរួមពីឯកឧត្តម-លោកជំទាវ តំណាងក្រសួង-ស្ថាប័ន លោក-លោកស្រីប្រធាន អនុប្រធាន និងមន្រ្តី នៃអង្គភាពពាក់ព័ន្ធ ព្រមទាំងឧកញ៉ា លោក លោកស្រី តំណាងមកពីគ្រឹះស្ថានសុខាភិបាលឯកជន។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាការងារពាក់ព័ន្ធវិស័យឯកជន ដូចជា៖ ការងារមន្ទីរពិសោធន៍ ការនាំចូលឱសថ ការចុះបញ្ជិកាឱសថ ការអនុវត្តការផ្លាស់ប្តូរផលិតផលឱសថដែលបានចុះបញ្ជិការួច ការងាររបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ការជំរុញឱ្យមានការប្រើប្រាស់ផលិតផលឱសថដែលផលិតក្នុងស្រុក ការងារអនុវត្តច្បាប់ និងការកំណត់លេខកូដប្រភេទផលិតផលឱសថនៅពេលនាំចូល និងការងារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីធ្វើការដោះស្រាយ សំដៅបង្កើននូវប្រសិទ្ធភាពការងារ នៃការផ្តល់សេវាសុខាភិបាល ជូនវិស័យឯកជនឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ឈានទៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនទូទៅ ក៏ដូចជាចូលរួមកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនកិច្ចប្រជុំថា ក្រសួងសុខា​ភិបាល បានគាំទ្រវិស័យឯកជនជាគោល និងស្នើឱ្យមានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមច្បាប់ ឬនិយាម ដើម្បីពង្រឹងគុណភាពនៃផ្តល់សេវាពីវិស័យឯកជន ដោយត្រូវមានការបណ្តុះបណ្តាលជាប្រចាំ ការផ្តល់ព័ត៌មានគ្នាទៅវិញទៅមក សំដៅ​ចៀស​វាងនូវហានិភ័យនានា ដែលកើតឡើងចំពោះប្រជាជនទាំងអស់។

ក្នុងនោះដែរ ឯកឧត្តមតំណាងវិស័យឯកជន បានកោតសសើរដល់ក្រសួង​សុខាភិបាល ដែលកន្លងមកបានធ្វើការផ្តល់សេវាសុខាភិបាល ជូនវិស័យឯកជនបានកាន់តែប្រសើរ និងបន្តការងារអនុវត្តច្បាប់ប្រកប​ដោយតម្លាភាព ដែលបានចូលរួមការពារផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជនកាន់តែមានប្រសិទ្ធភាពខ្ពស់៕