តើគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ស្រុកកំរៀង ក្លាយជាកុងត្រូលជជុះប្រមូលលុយដាក់ហោប៉ាវដូចមហាជនរិះគន់.មែន..រឺ..?
ខេត្តបាត់ដំបង៖ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថាជាយូរហើយរហូតដល់បច្ចុប្បន្នគោលដៅចរាចរណ៍មួយកន្លែងដែលស្ថិតលើផ្លូវជាតិលេខ ៥៩ ចន្លោះគីឡូម៉ែត្រលេខ១០៧-១០៨ក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ដែលគេដឹងថាជាគោលដៅនគរបាលចរាចរណ៍នៃអធិកាស្រុកកំរៀងដែលមាន លោក ស្រី វុទ្ធី ជាអធិការរងទទួលផែនចរាចរណ៍។ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍តាមដងផ្លូវដោយគេសង្កតឃើញឡានដឹកទំនិញបើកលឿនផ្ទុកលើសទំងន់សំពីងសំពោងកែច្នៃខុសលក្ខណៈបច្ចេកទេសខ្លះអត់ទាំងផ្លាកលេខក៏មានជាច្រើនរាប់សិបគ្រឿងក្នុងមួយថ្ងៃៗតែគេពុំដែលឃើញប៉ូលីសចរាចរណ៍គោលដៅមួយនេះធ្វើការកាក់ឬឃាត់រថយន្តយកមកអនុវត្តតាមនីតិវិធីច្បាប់សោះឡើយ។
សព្វថ្ងៃក្រុមរថយន្តទាំងនោះតែងតែធ្វើចរាចរណ៍ដឹកទំនិញលើសទំងន់យ៉ាងសំពោងមើលសឹងតែពុំឃើញតួរថយន្តជាប្រភេទរថយន្តសាំយ៉ុង រថយន្តនីស្សាន់ និងរថយន្តជាច្រើនទៀត ផ្ទុកទំនិញមិនចាញ់រថយន្តកុងតឺន័រទេចុះបង់លុយ ត្រីសាច់បន្លែផ្លែឈើនិងរបស់របរអីវ៉ាន់ចាប់ហ៊ួយផ្សេងៗដែលគេបានដឹកជាថ្នូរនិងការចរាចរណ៍បន្តទៅមុខទៀត។ ទង្វើនិងសកម្មភាពមន្ត្រីចរាចរណ៍ខាងលើនេះ មើលទៅហាក់បីដូចជាកុងត្រោលជជុះផ្ទុយពីការចុះអនុវត្តច្បាប់ចរាចរណ៍ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដាក់បទបញ្ជានាពេលថ្មីៗនេះមកអគ្គស្នងការនគរបាលជាតិ ស្នងការ រាជធានីខេត្តទូទាំងប្រទេសនូវការរឹតបន្ទឹងច្បាប់ចរាចរណ៍ត្រួតពិនិត្យគ្រប់យានយន្តលក្ខណៈបច្ចេកទេសកែច្នៃដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្តែងដូចជាក្នុងទឹកដីស្រុកកំរៀងខេត្តបាត់ដំបងនេះជាដើម។
ពាក់ព័ន្ធករណីនេះតៃកុងបើករថយន្តស៊ីឈ្នួលម្នាក់បាន បង្ហើបថាគោលដៅចរាចរណ៍មួយនេះគាត់តែងដឹកទំនិញឆ្លងកាត់ចង់លើសទម្ងន់កម្រិតណាក៏បានដែរឲ្យតែ និយាយត្រូវរូវគ្នាឬចុះបង់លុយមន្ត្រីចររាចរណ៍តាមកោលដៅជាការស្រេច។ហើយបើដឹកទំនិញអីគេត្រូវការឲ្យគេខ្លះទៅ ជាថ្នូរប្ដូរនិងការធ្វើចរាចរណ៍មិនបាច់ខ្វល់ថារថយន្តនោះមានឯកសារគ្រប់គ្រាន់ឬមិនគ្រប់គ្រាន់អីទេ។
បុរសដដែលបានបន្តទៀតថាតាមពិតរថយន្តដែលផ្ទុកសំពីងសំពោងសុទ្ធតែរថយន្តកែច្នៃខុសបច្ចេកទេសស្ទើរទាំងអស់ ភាគច្រើនគឺគ្មានពាក់ស្លាកលេខឬស្លាកលេខក្លែងក្លាយគ្មានឯកសារពន្ធអីទេ។ ហើយការចរាចរណ៍រត់បានតែនៅក្នុងខេត្តជិតៗទេបើចេញទៅខេត្តឆ្ងាយច្បាស់ជាត្រូវប៉ូលីសចរាចរណ៍ឃាត់ជាពុំខាន។
មជ្ឈដ្ឋានមហាជនហួសចិត្តចំពោះគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍កន្លែងនេះសព្វថ្ងៃពុំមានជាការអនុវត្តនួច្បាប់ចរាចរណ៍នោះទេគឺការដាក់កុងត្រូលជជុះសម្រាប់កាត់ក្បាលឡានយកលុយតែប៉ុណ្ណោះ។បើពលរដ្ឋវិញហ៊ានតែបើករថយន្តឬម៉ូតូអត់ឯកសារឬបើកលើសល្បឿន គឺត្រូវក្រុមចរាចរណ៍ខាងលើឃាត់និងពិន័យជាប្រាក់មិនលើកលែងឡើយ។
ក្រោយទទួលបានការរាយការ រិះគន់ពីមហាជនបែបនេះមក ភ្ងាក់ងារអង្គភាពសារព័ត៌មានយើងបានចុះទៅផ្ដិតយករូបភាពផ្ទាល់ជាក់ស្ដែងដល់គោលដៅនៅថ្ងៃទី៥ កក្កដា ឆ្នាំ ២០២៤ វេលាម៉ោង៨.២៥នាទីពិតដូចជាមហាជនថាមែន រថយន្តដែលដឹកលើសទម្ងន់ជាច្រើនត្រូវចុះបង់លុយឲ្យគោលដៅនេះខ្លះឲ្យជារបស់របរត្រីសាច់បន្លែផ្លែឈើ។ល។ពិតប្រាកដដូចការលើកឡើងរបស់ពលរដ្ឋមែន។
ឃើញសកម្មភាពនេះបណ្ដាញសារព័ត៌មានយើងបានទំនាក់ទំនងខលទៅលោក វេង គឹមចក់ អធិការស្រុកកំរៀងចូលនិយាយបានពីរបីម៉ាត់ សួរចំណុចគោលដៅចរាចរណ៍នេះលោកថាស្ដាប់អត់បានៗក៏ផ្តាច់ទូរសព្ទតែម្ដង។ក្រោយមកទោះបីជាខលចូលយ៉ាងណាក៏ពុំមានអ្នកទទួលដែរ។ ចំណែកឯលោក ស្រី វុទ្ធីអធិការរងទទួលផែនចរាចរណ៍ខលចូលតែពុំមានអ្នកទទួល១។
ជុំវិញករណីខាងលើមហាជនសូមសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការនគរបាលខេត្តបាត់ដំបងតើលោកដឹងឬទេ? ជាពិសេសឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិមេត្តាដាក់កំលាំងចុះត្រួតពិនិតស្រាវជ្រាវនិងចាត់វិធានការមើលគោលដៅនេះផងទានព្រោះសព្វថ្ងៃកំពុងល្បីខ្លាំងណាស់ គោលដៅនេះ ក្លាយទៅជាកុងត្រូលជជុះធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃអាចផ្តល់ឥទ្ធិពលមិនល្អប៉ះពាល់ដល់មុខមាត់ស្ថាប័ណ្ឌជាតិក្រសួងមហាផ្ទៃផងក៏ថាបានបើគ្មានការកែតំរូវនោះទេ៕
អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយបំភ្លឺពីគ្រប់ភាគគីនិងស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ ☎️071 82 222 57/012 48 52 98..