ភ្នំពេញ ៖ ទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចុះឆែកឆេរស្វែងរកវត្ថុហាមឃាត់តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស សំដៅធានាសន្តិសុខ សុវត្ថិភាព បង្ការទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសទូរស័ព្ទដៃ និងគ្រឿងញៀន រួមទាំងវត្ថុសម្ភារៈបង្កហានិភ័យដែលជនជាប់ឃុំលួចលាក់នាំចូល ឬរក្សាទុក ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធនាគារ។
អនុវត្តន៍តាមគោលការណ៍អនុញ្ញាតដ៏ខ្ពងខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដាក់បញ្ជាមុឺងមាត់បើកយុទ្ធនាការឆែកឆេរគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងរាជធានី-ខេត្ត។ នាវេលាដដែរនោះ ឯកឧត្តម អគ្គនាយក បានចុះដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមជាមួយ និងកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ សរុបចំនួន៤៤៧នាក់ ចុះឆែកឆេរមណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី១ និងពន្ធនាគាររាជធានីភ្នំពេញ។
កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង៣:៣០នាទីរសៀល។ ជាលទ្ធផលក្នុងក្របខណ្ឌទូទាំងប្រទេសបានរកឃើញ និងដកហូតទូរស័ព្ទ ចំនួន២គ្រឿង និងវត្ថុហាមឃាត់មួយចំនួនដែលមិនផ្តល់ផលប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងពន្ធនាគារឡើយ។
ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងប្រតិបត្តិការចុះឆែកឆេរនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងស្នងការដ្ឋានរាជធានី-ខេត្ត ចំនួន៤៦៩នាក់ ទូទាំងរាជធានី-ខេត្ត ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន១៥៧៥នាក់ សរុបទាំងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារមាន ចំនួន២០៤៤នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការដ៏មានសារៈប្រយោជន៍សំរាប់ការងារគ្រប់គ្រងពន្ធនាគារប្រកបដោយ សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់។