បាល់ទាត់ពិភពលោក២០២៦ (World Cup 2026)..

កីឡាអន្តរជាតិ៖ក្រុមបាល់ទាត់ទាំង១៨ នៅអាស៊ី នឹងដឹងថាត្រូវជួបប្រទេសណាខ្លះ និងស្ថិតក្នុងពូលណា (A B និងC) ជុំទី៣ការប្រកួតជម្រុះតំបន់អាស៊ី តាមរយៈការចាប់ឆ្នោត រសៀលថ្ងៃទី២៧ ខែមិថុនានេះ នៅម៉ាឡេស៊ី។

សូមជម្រាបជូនថា ក្រុមទាំង១៨នេះ ត្រូវបែងចែកជាបីពូល (A B C) ក្នុងមួយពូលមាន៦ក្រុម ហើយក្រោយលេង១០ប្រកួត(ក្នុងដី-ក្រៅដី)នៃពូលនីមួយៗ, ក្រុមលេខ១ (A1 B1 C1) និងលេខ២ (A2 B2 C2) សរុប៦ក្រុម បានកៅអីទៅលេងបាល់ទាត់ពិភពលោក២០២៦ កាណាដា ម៉ិកស៊ិក អាមេរិក។

ចំនែកក្រុមលេខ៣ (A3 B3 C3) និងលេខ៤ (A4 B4 C4) សរុប៦ក្រុមទៀត ត្រូវលេងជុំទី៤ ដោយបែងចែក២ពូលទៀត (AB) ដោយមួយពូលមាន៣ក្រុម ក្រុមនីមួយៗត្រូវលេងតែមួយជើងលើដីកណ្តាល ហើយក្រុមលេខ១ពូលA និងលេខ១ពូលB ឡើងទៅលេងបាល់ទាត់ពិភពលោកបន្ថែមកៅអីមាន៨ក្រុមពីតំបន់អាស៊ី។

ដោយឡែក ក្រុមលេខ២ ពូលA និងលេខ២ពូលB ក្នុងជុំទី៤ ត្រូវលេងវគ្គជម្រុះជុំទី៥បន្ត ដោយលេងក្នុងដី-ក្រៅ ក្រុមដែលឈ្នះត្រូវជម្រុះជាមួយក្រុមនៅទ្វីបផ្សេង  ហើយបើឈ្នះ នោះអាស៊ី នឹងមាន៩ក្រុម បង្ហាញខ្លួនក្នុង បាល់ទាត់ពិភពលោក២០២៦៕