មេដឹកនាំពិភពលោក ថ្កោលទោសការចល័តយោធានៅប្រទេសបូលីវី
អន្តរជាតិ៖ក្នុងការឆ្លើយតបទៅនឹង ការចល័តយោធានៅក្នុងប្រទេសបូលីវី កាលពីថ្ងៃពុធ ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីនណាស៊ីញ៉ូ លូយឡា ដា ស៊ីលវ៉ា(Luiz Inacio Lula da Silva) ប្រធានាធិបតីឈីលី លោកហ្កាព្រីយ៉ែល បូរីក(Gabriel Boric) និងប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានថ្កោលទោសការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះប្រធានាធិបតីប្រទេសបូលីវី លោកលូអ៊ីស សាស(Luis Arce) ។
មេដឹកនាំនៅប្រទេសអាមេរិកឡាទីន និងអឺរ៉ុប ផ្សេងទៀត ក៏បានបញ្ចេញមតិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីការថ្កោលទោស និងសាមគ្គីភាពរបស់ពួកគេ ជាមួយរដ្ឋាភិបាលស្របច្បាប់ របស់ប្រទេស បូលីវី។
កងកម្លាំងប្រដាប់អាវុធប្រទេសបូលីវី បានថយចេញពីវិមានប្រធានាធិបតីក្នុងទីក្រុង La Paz កាលពីល្ងាចថ្ងៃពុធ ហើយឧត្តមសេនីយ៍ម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប្រធានាធិបតី លោក លូអ៊ីស សាស(Luis Arce) បានរិះគន់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ប្រឆាំងរដ្ឋាភិបាល និងបានអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិ។
អង្គភាពយោធាដែលដឹកនាំដោយឧត្តមសេនីយ ជូអាន ចូសេ ហ្ស៊ូនីហ្កា(Juan Jose Zuniga) ដែលកាលពីពេលថ្មីៗនេះត្រូវបានដកចេញពីទីបញ្ជាការយោធារបស់លោក បានធ្ចើការប្រមូលផ្តុំកម្លាំងនៅទីលាន Plaza Murillo ដែលជាទីតាំងវិមានប្រធានាធិបតី និងសភា។