ក្រុមហាម៉ាសនិយាយថា៖ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៤២នាក់នៅហ្កាហ្សា
អន្តរជាតិ៖ ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សយ៉ាងហោចណាស់៤២ នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្រុកនានា នៃទីក្រុង ហ្កាហ្សាភាគខាងជើងត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធ កាលពីថ្ងៃសៅរ៍ ២២មិថុនា។
យោងតាមការផ្ដល់ដំណឹងទៅឲ្យសារព័ត៌មាន Reuters ការវាយប្រហារមួយរបស់អ៊ីស្រាអែលប៉ះចំផ្ទះមួយចំនួននៅជំរំជនភៀសខ្លួនអាល់ សាទី (Al-Shati) ជាជំរំជនភៀសខ្លួនប្រវត្តិសាស្ត្រចំនួនប្រាំបីរបស់ដែនដីហ្កាហ្សាស្ទ្រីប បានសម្លាប់មនុស្ស ២៤ នាក់ ។
ចំណែកជនជាតិប៉ាឡេស្ទីន ១៨នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារលើផ្ទះជាច្រើននៅស្រុកអាល់ទូហ្វា (Al-Tuffah)។
យោធាអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយដោយនិយាយថា មួយរយៈខ្លីមុននេះ យន្តហោះចម្បាំង IDF បានវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ហាម៉ាសចំនួនពីរក្នុងតំបន់នេះ នៅទីក្រុងហ្កាហ្សា ។
ក្រុមហាម៉ាស ពុំបានធ្វើអត្ថាធិប្បាយលើការអះអាងរបស់អ៊ីស្រាអែលដែលថាបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួននោះទេ។
ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានផ្តោតលើប្រជាជនស៊ីវិល ហើយបានប្តេជ្ញានៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះជាការកាន់កាប់ ហើយមេដឹកនាំណាស៊ីរបស់អ៊ីស្រាអែល នឹងត្រូវសងសម្រាប់ការរំលោភបំពានរបស់ពួកគេប្រឆាំងនឹងប្រជាជនរបស់យើង៕