កងទ័ពអ៊ីស្រាអែល និយាយថា បានកម្ចាត់កងកម្លាំងក្រុមហាម៉ាសពាក់កណ្តាល នៅក្រុងរ៉ាហ្វា
អន្តរជាតិ៖យោធាអ៊ីស្រាអែល និយាយកាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួន បានកម្ចាត់កងកម្លាំងក្រុមហាម៉ាសប្រហែលពាក់កណ្តាលនៅទីក្រុង Rafah តំបន់ហ្កាហ្សា។
យោងតាមសេចក្តីថ្លែងការណ៍របស់យោធា បានឲ្យដឹងថា ទាហានមកពីកងពលលេខ១៦២ ដែលបានប្រយុទ្ធ នៅទីក្រុង Rafah រយៈពេលជាង ៤០ថ្ងៃមកនេះ បានសម្លាប់ក្រុមសកម្មប្រយុទ្ធប្រហែល៥៥០នាក់ នៅក្នុងទីក្រុង ខណៈទាហានអ៊ីស្រាអែល២២នាក់ បានបាត់បង់ជីវិតក្នុងអំឡុងពេលប្រយុទ្ធ។
កងវរសេនាតូចរបស់ក្រុមហាម៉ាសចំនួនពីរអង្គភាព ក្នុងចំណោមបួនអង្គភាព នៅទីក្រុង Rafah កំពុង ជួបភាពបរាជ័យ ខណៈការប្រយុទ្ធតាមដីគោក នៅតែបន្តប្រឆាំងកងវរសេនាតូច ពីរផ្សេងទៀត។
កងទ័ពនិយាយថា កងកម្លាំងអ៊ីស្រាអែល ទទួលបាន ការគ្រប់គ្រងប្រតិបត្តិការ លើតំបន់ទាំងមូល រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប ដែលត្រូវបានគេស្គាល់ថាជាច្រករបៀង ហ្វីឡាដែលហ្វីយ៉ា(Philadelphia) ។
កងទ័ពនិយាយបន្តថា នៅពេលនេះ កងកម្លាំងលើដីគោក កំពុងធ្វើការដើម្បីបន្ត និងបញ្ចប់បេសកកម្ម។ វាត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយពេលពីរទៅបីសប្តាហ៍ទៀត ដើម្បីបញ្ចប់បេសកកម្មនៅទីក្រុង Rafah។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ច្រកទ្វារក្រោមដីប្រហែល ២០០កន្លែង និងច្រកផ្លូវរូងក្រោមដីចំនួន២៥កន្លែង ដែលមួយចំនួនឆ្លងកាត់ទៅកាន់ប្រទេសអេហ្ស៊ីប ត្រូវបានគេសង្ស័យថា បានប្រើប្រាស់សម្រាប់សកម្មភាពរត់ពន្ធ ត្រូវបានរកឃើញ។