ន្តរជាតិ៖ វិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់ប្រទេសស៊ុយអែតនិយាយថា ក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាសាកលដែលត្រូវបានដាក់ពង្រាយជាមួយមីស៊ីល និងយន្តហោះ បានកើនឡើង៦០គ្រាប់ លើសពីឆ្នាំមុន។ ប្រទេសចិន និងរុស្ស៊ី ទំនងជាកំពុងជំរុញការដាក់ពង្រាយរបស់ពួកគេ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកហូម(Stockholm) បានចេញផ្សាយការរកឃើញ នៅថ្ងៃចន្ទនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។

វិទ្យាស្ថាននិយាយថា ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១២.១២១គ្រាប់ ត្រូវបានប៉ាន់ប្រមាណ នៅក្នុងខែមករាឆ្នាំ ២០២៤ ថយចុះចំនួន៣៩១គ្រាប់ ពីដើមឆ្នាំមុន។ ប្រទេសរុស្ស៊ី ត្រូវបានគេប៉ាន់ប្រមាណថាមានក្បាលគ្រាប់ចំនួន ៥.៥៨០គ្រាប់ បន្ទាប់មកសហរដ្ឋអាមេរិកមាន៥.០៤៤គ្រាប់។ ប្រទេសទាំងពីរត្រូវបានគេជឿថា មានប្រហែល៩០ ភាគរយនៃសារពើភណ្ឌសរុបជាសកល។ ប្រទេសចិន ត្រូវបានគេប៉ាន់ប្រមាណថា មានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ធំបំផុតទី៣ មានចំនួន៥០០គ្រាប់ ជាចំនួនច្រើនជាង៩០គ្រាប់ លើសពីឆ្នាំមុន។

ក្នុងចំណោមចំនួនសរុប ក្បាលគ្រាប់ដែលត្រូវបានប៉ាន់ប្រមាណមានចំនួន ៣.៩០៤គ្រាប់ ឬច្រើនជាង ៣០ភាគរយ ត្រូវបានដាក់ពង្រាយជាមួយមីស៊ីល និងយន្តហោះ។ របាយការណ៍នេះ បាននិយាយថា ជាលើកដំបូង ប្រទេសចិនត្រូវបានគេជឿថាមានក្បាលគ្រាប់ក្នុងការត្រៀមប្រតិបត្តិការខ្ពស់។ របាយការណ៍ ក៏និយាយផងដែរថា រុស្ស៊ីត្រូវបានគេប៉ាន់ប្រមាណថានឹងដាក់ពង្រាយក្បាលគ្រាប់ចំនួន ៣៦គ្រាប់ បន្ថែមទៀតជាមួយនឹងកម្លាំងប្រតិបត្តិការ ច្រើនជាងកាលពីខែមករា ឆ្នាំ ២០២៣។

របាយការណ៍នេះក៏និយាយផងដែរថា ចំនួនមីស៊ីលបាលីស្ទីកអន្តរទ្វីប ដែលប្រទេសចិនមាន ទំនងជាឈានដល់ ឬលើសពីចំនួនដែលរុស្ស៊ី ឬអាមេរិក មាន ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។ វិទ្យាស្ថាន បានអត្ថាធិប្បាយថា ប្រទេសចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន លឿនជាងប្រទេសផ្សេងទៀត។

របាយការណ៍ វិភាគថា ភាពតានតឹងជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើឱ្យផ្នែកការទូតនុយក្លេអ៊ែរ ចុះខ្សោយបន្ថែមទៀត។ របាយការណ៍បាននិយាយសំដៅទៅលើសមយុទ្ធអាវុធនុយក្លេអ៊ែរតាកទិក ដែលរុស្ស៊ីបានធ្វើនៅជិតព្រំដែនអ៊ុយក្រែន កាលពីខែឧសភា។