ប្រជាពលរដ្ឋស្រុកបន្ទាយមាសត្អូញត្អែរថាចរន្តអគ្គិសនីដាច់សឹងតែមិនបានប្រើរាប់ដងក្នុង១ថ្ងៃៗម្តងៗដាច់រាប់ម៉ោង…!

 

ខេត្តកំពត៖ ពលរដ្ឋក្នុងស្រុកបន្ទាយមាសខាងកើតរាប់រយរាប់ពាន់គ្រួសាររអ៊ូរទាំលើកឡើងថាសព្វថ្ងៃពួកគាត់មានការលំបាកជាខ្លាំងនូវបញ្ហាចរន្តអគ្គីសនីតែងតែដាច់រាប់ដងក្នុងមួយថ្ងៃៗពេលខ្លះគ្រាន់តែរយៈពេលមួយព្រឹកដាច់ ពីរ ទៅបីដង។
ពេលដាច់ចរន្តមួយដងៗរាប់ម៉ោងកុំថាឡើយដល់ទៅប្រកបអាជីវកម្មប្រើចរន្តភ្លើងដូចជាជាងផ្សាដែកយានដ្ឋានជួសជុលរថយន្តល្បែងទូរទស្សន៍មាន់អនឡាញឬបើកសាឡននិងរបរផ្សេងឯទៀត សូម្បីតែដាំបាយឆ្នាំងអគ្គិសនីក៏ពេលខ្លះមិនបានហូបផង។ ជាពិសេសប្អូនៗសិស្សសាលាចេញពីរៀនមកខំដាក់ដាំបាយតែភាគច្រើនមិនបានបាយឆ្អិនញុាំទេព្រោះតែភ្លើងដាច់ចរន្តរាប់ម៉ោងខ្លះទទួលទានបាយឆៅក៏មាន ហើយនៅរដូវបុណ្យទានភ្លើងដាច់កាន់តែខ្លាំងថែមទៀត។ឯការរៀបចំបង្គោលភ្លើងកុងទ័រកាឡូភ្លើងខ្សែរភ្លើងពុំមានស្តង់ដាត្រឹមត្រូវសភាពរញ៉េរញ៉ៃអាចបង្កគ្រោះថ្នាក់ នេះជាទុកកង្វល់លំបាករបស់ពលរដ្ឋពិត ប្រាកដ។

បញ្ហានេះពលរដ្ឋក៏ធ្លាប់បានជូនដំណឹងទៅអាជ្ញាធរស្រុកនិងក្រុមហ៊ុនម៉ៅការសហគ្រាសអគ្គិសនីទូកមាសច្រើនដងតែភ្លើងនៅតែដាច់ចរន្តដដែល។

តែបើនិយាយពីតម្លៃភ្លើងនិងកុងទ័រគីឡូវិញកើនឡើងរហូតដោយសហគ្រាសម៉ៅការមិនដែលជូនដំណឹងប្រាប់ឡើយ គឺតម្លៃឡើងក្នុងក្រដាសវិក័យបត្រតែម្ដង។ អ្នកខ្លះមិនបានទាំងនៅផ្ទះផងពេលចេញក្រដាសវិក័យបត្រមកភ្លើងកើនឡើងទ្វេដង ជារៀងរាល់ខែអាងតែសហគ្រាសខ្លួនជាអ្នកម៉ៅការបានធ្វើអ្វីៗស្រេចតែចិត្ត។

ជុំវិញករណីខាងលើបណ្ដាញសារពត៍មានគេហទំព័រ ស្ម័គ្រជាតិ យើងខ្ញុំបានទំនាក់ទំនងទៅលោកអភិបាលស្រុកបន្ទាយមាស ពីបញ្ហាដាច់ចរន្តអគ្គិសនីនេះ តែលោកក៏ទទួលស្គាល់ថាបច្ចុប្បន្ននេះពិតជាដាច់ចរន្តភ្លើងញឹកញាប់ពិតប្រាកដមែនហើយលោកក៏ធ្លាប់បានជួបខាងសហគ្រាសអគ្គិសនីនិងពលរដ្ឋដោះស្រាយមួយដងពីរដងដែរ។ មិនដឹងយ៉ាងម៉េចខាងសហគ្រាសម៉ៅការភ្លើងនៅតែដាច់រអាក់រអួលដដែល សូមលោកទំនាក់ទំនងសួរទៅខាងអ្នកម៉ៅការអគ្គិសនីផងទៅ។

ចំណែកខាងភ្នាក់ងារសហគ្រាស។ទទួលសេវាកម្មពលរដ្ឋ អង្គភាពយើងខ្ញុំសួរនាំលោកតបថា (មកពីបញ្ហាគ្រោះធម្មជាតិ និងផ្ទះខ្លះឆ្លងចរន្តបានអស់ភ្លើងច្រើនឆ្លើយមក បិកបឺកៗ របៀបដោះសារ)ហើយប្រាប់ថាចាំស្អែកបងខលមកទៀតបានជួបនឹងលោកប្រធានតែថ្ងៃស្អែកខលទៅគឺគាត់ប្លុកលេខបាត់តែម្ដង។

ជាចុងក្រោយប្រជាពលរដ្ឋរក្នុងស្រុកបន្ទាយមាសទាំងមូលសូមទទូចស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធប្រធានមន្ទីអគ្គិសនីខេត្តជាពិសេស ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃខណៈអភិបាលខេត្តកំពតមេត្តាចាត់ជុំនាញចុះត្រួតពិនិត្យលើសហគ្រាសម៉ៅការភ្លើងបច្ចុប្បន្ននេះផង សព្វថ្ងៃគាត់ពុំមានទំនួលខុសត្រូវចរន្តអគ្គិសនីសម្រាប់ពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់ទេ។និងទទូចបញ្ចប់កុងត្រាសហគ្រាសនេះតែម្ដងទៅ ដោយជំនួសសហគ្រាសម៉ៅការថ្មីមានទំនួលខុសត្រូវក្នុងការបម្រើសេវាចរន្តជួនពលរដ្ឋដោយពិតប្រាកដផងទានព្រោះពលរដ្ឋបង់សេវាមិនដែលខកខានក្នុងមួយខែណាទេ៕

អង្គភាពយើងខ្ញុំរងចាំទទួលនូវការស្រាយបំភ្លឺពីគ្រប់ភាគគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ។
☎️ 012 48 52 98 /071 82 222 57.សូមអរគុណ។