អាជ្ញាធរស្រុកដំណាក់ចង្អើរដាក់កំហិតអោយម្ចាស់សំណង់ខឿនថ្មលើឆ្នេរអង្កោល រុះរើចេញវិញដោយគ្មានលក្ខខណ្ឌ…
កែប៖ សំណង់ខឿនថ្មប្រវែង៤៥ម៉ែត្រ និងខ្ចុះឈើចំនួន០២ខ្នង របស់ម្ចាស់ឈ្មោះ អ៊ីវ ស្រី ដែលបានរៀបខឿន និងសង់ខ្ទុះរំលោភលើដីឆ្នេរស្ថិតនៅឆ្នេរអង្គោល ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ត្រូវបានរដ្ឋបាលស្រុកដំណាក់ចង្អើរ តម្រូវអោយរុះរើចេញវិញអោយបានមុនថ្ងៃសុក្រ ក្នុងសប្តាហ៍នេះ។
នេះបើយោងតាមលិខិតរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ដែលបានជម្រាប់ជូនលោកស្រី អុីវ ស្រី ដែលជាម្ចាស់សំណង់ខាងលើនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងលិខិតខាងលើបានបញ្ជាក់ថា សំណង់នោះបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរ។ ដូចនេះដើម្បីរៀបចំឆ្នេរអង្កោលឱ្យក្លាយជាឆ្នេរសាធារណៈសម្រាប់សាធារណៈជនមកលេងកម្សាន្តដោយសេរី និងរក្សាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈល្អប្រសើរនោះ រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមធ្វើការណែនាំដល់ម្ចាស់សំណង់៖
ទី ១.បញ្ឈប់ការសាងសង់ខឿនថ្ម និងសំណង់ផ្សេងៗទៀតដែលគ្មានច្បាប់អនុញ្ញាតនៅលើដីឆ្នេរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ទី២.ត្រូវរុះរើសំណង់ខឿនថ្ម ដែលបានរៀបរួច និងខ្ចុះឈើចំនួន០២ខ្នងទៀត ដែលបានសង់លយចូលជ្រៅមកលើចំណីដីឆ្នេរ ចេញវិញដោយស្ម័គ្រចិត្ត និងប្រមូលដឹកជញ្ជូនសម្ភារៈសំណល់ទាំងនោះចេញឱ្យអស់ពីទីតាំងខាងលើ ត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ជាកំហិត ។
ក្នុងករណីដែលមិនអនុវត្តតាមការណែនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ និងមានវិធានការច្បាប់ចុះរុះរើសំណង់ខឿនថ្ម និងខ្ចុះនោះចេញវិញដោយគ្មានការតវ៉ា ហើយការចំណាយលើកម្លាំងពលកម្ម ជាបន្ទុកខាងភាគីម្ចាស់សំណង់។
លោក ឡុង ខន តំណាងម្ចាស់សំណង់ខាងលើ បានអោយដឹងនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះថា ការរៀបខឿនថ្មនេះ គឺដើម្បីទប់ទឹកសមុទ្រ ដែលបោកបក់ធ្វើឲ្យច្រោះដីខ្សាច់បណ្តាលអោយខូចខាតដល់សំណង់ខ្ចុះរបស់ខ្លួន និងដើម្បីទប់ស្កាត់សំរាមដែលហូរមកទើរនៅមុខទីតាំងរបស់ខ្លួនផង។ លោកថា ការរៀបខឿនថ្មនេះ មិនមានបំណងរំលោភយកដីចំណីសមុទ្រនោះទេ។ ដោយឡែកចំពោះការបញ្ជាអោយរុះរើពីសំណាក់អាជ្ញាធរស្រុក លោកមិនទាន់បញ្ជាក់ថាយ៉ាងណានៅឡើយ៕