ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញអំពីប្រព័ន្ធអភិបាលកិច្ចរដ្ឋបាវ៉ារីយ

នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បន្តស្ដាប់ការធ្វើបទបង្ហាញស្តីពី«ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា» រៀបចំនៅក្រសួងមហាផ្ទៃ កីឡា និងសមាហរណកម្ម ក្នុងទីក្រុងម៉ូនិក នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

 

ពាក់ព័ន្ធនឹងប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា លោក Harald Welsch ប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ និងសមាហរណកម្ម រដ្ឋបាវ៉ារីយ៉ា បានគូសបញ្ជាក់ អំពីភាពខុសគ្នារវាងមុខងាររដ្ឋ និងរដ្ឋបាលមូលដ្ឋាន (ស្វយ័ត) យន្តការ និងស្ថាប័នសហប្រតិបត្តិការខ្សែបណ្តោយ ការត្រួតពិនិត្យ បច្ចេកទេស ច្បាប់ និងហិរញ្ញវត្ថុនៅកម្រិតរដ្ឋបាលមូលដ្ឋាន។

សូមរម្លឹកថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូធ្វើដំណើរពីមាតុប្រទេស មកទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

សម្រាប់កម្មវិធីចុងក្រោយនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងទទួលជួបសម្ដែងការគួរសមដោយឯកឧត្តម Eric Beisswenger រដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋបាវ៉ារីយ៉ា និងបន្តដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងភារកិច្ច និងមុខងារអាជ្ញាធររដ្ឋបាលថ្នាក់ខ្ពស់ ការត្រួតពិនិត្យរដ្ឋបាលមូលដ្ឋាន និងការរៀបចំពហុកម្រិតសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយនិងការការពារប្រជាពលរដ្ឋនៅរដ្ឋបាវ៉ារីយ៉ា៕