ចិនរិះគន់ដំណើរទស្សនកិច្ចបស់ប្រធានសភាអាមេរិចទៅកាន់កោះតៃវ៉ាន់….!

ចិនបានហៅដំណើរទស្សនកិច្ចជា ប្រវត្តិសាស្ត្រទៅកាន់កោះតៃវ៉ាន់ពីសំណាក់ប្រធានសភា សហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ថា ជាដំណើរប្រកបដោយគ្រោះថ្នាក់បំផុត។ ក្រុង ប៉េកាំងបានចោទលោកស្រី Pelosi ដែលជាអ្នកនយោបាយជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល២៥ ឆ្នាំទៅកាន់កោះនេះដែលចិនបានអះអាងថាជាខេត្តផ្ដាច់ខ្លួនមួយរបស់ ខ្លួនថាកំពុងប្រលែងលេងជាមួយនឹងភ្លើង ។

អ្នកនាំពាក្យសន្តិសុខជាតិអាមេរិកលោក John Kirby បាននិយាយថា គ្មានហេតុផលដែលដំណើរទស្សនកិច្ចនេះនឹងក្លាយជាព្រឹត្តិការណ៍គួរឲ្យភ្ញាក់ផ្អើលបង្កឲ្យមានជា វិបត្តិ ឬជម្លោះនោះទេ ។ ថ្លែងក្រោយលោកស្រីបានទៅដល់កោះនេះ អ្នកនាំពាក្យរូបនេះបាន បញ្ជាក់ជាថ្មីដល់ក្រុមអ្នកសារព័ត៌មានថា ដំណើរនេះ គឺស្របនឹងគោលនយោបាយដែលមានជា យូរមកហើយរបស់សហរដ្ឋអាមេរិក ចំពោះចិនហើយពុំបានរំលោភអធិបតេយ្យភាពរបស់ប្រទេស នេះទេ ។

ខណៈដែលយន្តហោះរបស់លោកស្រីបានទៅដល់កោះមួយនេះ សារព័ត៌មានចិនបាន រាយការណ៍ថា យន្តហោះយោធាចិនកំពុងហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ។ ពេលនោះកោះតៃវ៉ាន់ ច្រានចោល របាយការណ៍ទាំងនោះតែក្រោយមកបាននិយាយថា យន្តហោះ យោធាចិនជាង ២០គ្រឿង បានហោះចូលទៅក្នុងតំបន់ការពារ ដែនអាកាសរបស់ខ្លួនកាលពីថ្ងៃ អង្គារ៕