សមត្ថកិច្ចខេត្តកណ្ដាលចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (អាប៉ាង)នឹងបញ្ជូនអ្នកញៀនល្បែងទៅតុលាការ

ខេត្តកណ្តាល- កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបើកប្រតិបត្តិការណ៍បង្ក្រាបទីតាំង​លួចលេងល្បែងស៊ីសងខុសច្បាប់ អាប៉ោងមួយកន្លែង និងឃាត់ខ្លួនអ្នកលេងបាន០៦នាក់ ។

ប្រតិបត្តិការណ៍នេះធ្វើឡើងក្រោមការបញ្ជារយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកណ្តាល បានចុះបង្ក្រាបផ្ទាល់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង២០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ទ្រី ស៊ូខីវ ភេទស្រី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ជនសង្ស័យទាំង ០៦នាក់ នេាះមានឈ្មោះ ទី១ឈ្មោះ ទ្រី ស៊ូឃីវ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ មុខរបរ លក់ដូរ (ជាម្ចាស់ទីតាំង) ទី២-ឈ្មោះ ចុនសំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំស្រុកខេត្តកណ្តាល (មេអាប៉ោង) ។ ទី៣ឈ្មោះ វ៉ន អូន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ (មេអាប៉ោង) ។ ទី៤ឈ្មោះ ណុប យឿន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ កសិករ មានទីលំនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកលេងអាប៉ោង)។ ទី៥ឈ្មោះ តាំង យូអី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកបាឡាត់ឆឹវ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ជាអ្នកលេងអាប៉ោង) ។
និង៦-ឈ្មោះ អឿន ឡៃហ៊ាង ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ (អ្នកលក់អារហារ និងឲ្យក្រុមអ្នកលេងអាប៉ោង ខ្ចីប្រាក់ ) ។លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់អោយដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០និង៣១នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលព័ត៌មានពី ប្រជាពលរដ្ឋថា មានមនុស្សមួយក្រុមកំពុងលេងល្បែងសុីសងខុសច្បាប់ (អាប៉ោង) នៅចំណុចផ្ទះរបស់ឈ្មោះ ទ្រី ស៊ូខីវ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ភ្លាមនោះលោកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រកាខ្ពស់ ។លុះដល់ម៉ោង១៣និង១៥នាទី ថ្ងៃដដែលកម្លាំងជំនាញបានចុះទៅដល់កន្លែងកេីតហេតុខាងលើឃើញមានក្រុមជនសង្ស័យកំពុងនាំគ្នាលេងអាប៉ោងពិតមែន ឃើញដូចនេះកម្លាំងជំនាញបានធ្វើការឃាត់ជនសង្ស័យ០៦នាក់ រត់គេចខ្លួន ០២នាក់ និងវត្ថុតាងខាងលើ មកសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ក្រោយពីសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង០៦នាក់ខាងលើបានសារភាពថា ក្រុមខ្លួនពិតជាបានផ្តល់ទីតាំង និងលេងល្បែងស៊ីសង (អាប៉ោង) ពិតមែន ក្នុងនោះមានឈ្មោះ ទ្រី ស៊ូឃីវ ជាម្ចាស់ទីតាំង ឈ្មោះ ចុន សំណាង និងឈ្មោះ វ៉ន អូន ជាមេអាប៉ោង ចំណែកឈ្មោះ អឿន ឡៃហ៊ាង ជាអ្នកចង់ការប្រាក់នៅកន្លែងលេងអាប៉ោងខាងលើ ចំណែកជនសង្ស័យ ០២នាក់ ទៀតជាអ្នកលេងអាប៉ោង ។លុះនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល បានប្រាប់អោយដឹងថា ក្រុមមេអាប៉ោង០៤នាក់ និងអ្នកលេង២នាក់ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានបញ្ជូនមកសាលាដំបូងខេត្តកណ្តាល ត្រូវបានលោក លី ភារ៉ា ព្រះរាជអាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចធ្វើការចោទប្រកាន់ពីបទ” បើកល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់” តាមមាត្រា០៥ និងមាត្រា០៤ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ។ រួចបញ្ជូនសំណុំរឿងទៅលោកចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់៕