ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់

សហព័ន្ធស្វីស ៖ ឈានចូលថ្ងៃទីពីរ នៃដំណើរទស្សនកិច្ច ពោលគឺនាព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤ នេះ ត្រូវនឹងពេលរសៀលម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ស្ដាប់បទបង្ហាញ ចំនួនពីរ គឺ ៖ “របៀបរបបដំណើរការពហុកម្រិតនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ” និង “ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស ស្តីពីយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់”។

Ò

បទបង្ហាញស្ដីពី «របៀបរបបដំណើរការពហុកម្រិតនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» បានប្រព្រឹត្តទៅនៅក្រសួងហិរញ្ញវត្ថុនៃសហព័ន្ធស្វីស។ ផ្អែកលើប្រធានបទនេះ បណ្ឌិត Peter Schwendener ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងហិរញ្ញវត្ថុ សហព័ន្ធស្វីស បានពន្យល់អំពីប្រព័ន្ធពន្ធដារ និងការគ្រប់គ្រងដោយឯករាជ្យនៅកម្រិតថ្នាក់ទី៣ ការថ្លឹងថ្លែងចំពោះការផ្ដល់ហិរញ្ញវត្ថុស្មើគ្នានៅគ្រប់ថ្នាក់ ប្រព័ន្ធសមភាពហិរញ្ញវត្ថុ ផលប្រយោជន៍ និងបញ្ហាប្រឈម។

ចំណែកបទបង្ហាញស្តីពី«ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់» បានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារប៊េន ក្នុងទីក្រុងប៊េន។ ពាក់ព័ន្ធនឹងប្រធានបទនេះ លោកស្រីបណ្ឌិត Erika Schlappi និងលោកស្រី Eva Schamassmann បានបញ្ជាក់អំពីមធ្យោបាយនៃការចូលរួមរបស់សង្គមសុីវិលនៅក្នុងយន្តការលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ លទ្ធភាពរបស់អង្គការសង្គមសុីវិល ក្នុងការបញ្ចុះបញ្ចូលទស្សនៈរបស់ខ្លួន និងបញ្ហាប្រឈម។

សូមជម្រាបជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នឹងបន្តទស្សនកិច្ចនៅសហព័ន្ធស្វីស រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មុននឹងបន្តដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕