អាជីវកម្មបូមខ្សាច់១កន្លែងនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល ឧត្តរមានជ័យ សង្ស័យអត់ច្បាប់ តែមន្ត្រីថា៖ មានច្បាប់តែច្បាប់ឆ្នាំ២០២២…!

ខេត្តឧត្តរមានជ័យ ៖ ឈ្មួញបានលួចឃុបឃិតគ្នាលួចបូមខ្សាច់ចេញពីក្នុងស្ទឹងអូជីក ដែលជាស្ទឹងបុរាណគ្រប់គ្រងដោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សកម្មភាពលួចបូមខ្សាច់ចេញពីក្នុងស្ទឹងនេះ មានទីតាំងស្ថិតនៅភូមិ ជើងទៀន ឃុំជើងទៀន ស្រុកចុងកាល ខេត្តឧត្តរមានជ័យ ។

តាមប្រភពប្រជាពលរដ្ឋថា ការបូមខ្សាច់យ៉ាងអាណាធិបតេយ្យដោយរលូនបែបនេះ គេសង្ស័យថាគ្មានច្បាប់ត្រឹមត្រូវនោះទេ ដោយឡែកជំនាញរ៉ែ លោក ភុន ឡែន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់បណ្តាញព័ត៍មានថា៖ កន្លែងបូមខ្សាច់នោះគឺគេមានច្បាប់នឹងចាំផ្ញើច្បាប់អនុញ្ញាត្តអោយអ្នកសារព័ត៍មានមើល តែការរងចំាមើលច្បាប់អនុញ្ញាត្តរបស់ប្រធានមន្ទីររ៉ែថាមពលខេត្តឧត្តរមានជ័យ ជាមួយអ្នកសារព័ត៍មាននោះ ប្រើពេល៤ថ្ងៃ ។ លុះមកដល់ថ្ងៃចន្ទ័ទី២២ខែមេសា ឆ្នាំ២០២៤ ទើបឃើញមានមន្ត្រីរ៉ែ ចំនួន៣រូបចុះមកដល់ទីតាំងការដ្ឋានបូមខ្សាច់ខាងលើ តែដូចអំពិលអំពែកអញ្ចឹង ហើយមន្ត្រីរ៉ែក៍បានប្រាប់អ្នកសារព័ត៍មានថា៖ លោកថៅកែបូមខ្សាច់ឈ្មោះ នឿ គាត់មានច្បាប់ តែច្បាប់កាលពីឆ្នាំ២០២២ តែកន្លែងបូមខ្សាច់នេះ លោក នឿ បានដាក់ពាក្យសុំច្បាប់រួចហើយ តែខេត្តមិនទាន់ចេញអោយនោះទេ តែឈ្មោះ នឿ ម្ចាស់ការដ្ឋាននេះអាចបូមបាន ទោះជាគាត់មិនទាន់បានច្បាប់ក៍ដោយ មន្ត្រីបញ្ចាក់ទៀតថា៖ព្រោះខេត្ត នេះគឺតែអញ្ចឹងៗឯង ។

ដោយឡែកលោក ភុន ឡែន ប្រធានមន្ទីររ៉ែ បានបន្ថែមទៀតថា៖ក្រសួងធ្វើប្រតិភូកម្ម អោយខេត្តនិងស្រុក ចេញអាជ្ញាប័ណ្ណជូន ក្នុងទំហំ ការបូម ១ហិតា៤ជ្រុងមុខទុយយ៉ោ១តឹកចុះ អោយលក្ខណះជាសិប្បកម្មមិនមែនជាអាជីវកម្មនោះទេ ហើយកំណត់សុពលភាពជូន១ឆ្នាំ។

មហាជនក៏ដូចប្រជាពលរដ្ឋក្នុងតំបន់បានដាក់ការសង្ស័យថា៖នេះប្រហែលជាមានខ្នងបង្អែកធំគ្រាក់ៗក្នុងខេត្តហើយមើលទៅ ជាពិសេសលោក ភុន ឡែន ប្រធានមន្ទីររ៉ែខេត្តនេះ ហើយ បានជាពុំមានស្ថាប័នមន្ទីរជំនាញណាហ៊ានប៉ះពាល់ ដល់ការដ្ឋានបូមខ្សាច់មួយនេះឡើយ ។ទោះបីជាមានការបាក់ច្រាំងនិងធ្វើឲ្យសោភ័ណភាពច្រាំងមាត់ស្ទឹងខូចខាតទាំងស្រុងយ៉ាងណាក៏ដោយក៏អាចធ្វើបាន ។

ជុំវិញករណីខាងលើនេះលោក ប៉ែន កុសល និងលោក ភុន ឡែន ហាក់ដូចជាពុំខ្វល់អំពីច្បាប់ទម្លាប់នោះឡើយទោះបីជាមានសេចក្តីរាយការណ៍ជាច្រើនលើកច្រើនសារពីសំណាក់ក្រុមអ្នកសារព័ត៌មានទៅកាន់លោកយ៉ាងណាក៏ដោយ ។

មហាជនក្នុងតំបន់សូមអំពាវនាវមកដល់លោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ និងជាពិសេសនោះលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលសូមមេត្តាពិនិត្យទៅលើកន្លែងការដ្ឋានបូមខ្សាច់ខ្នាតយក្សមួយនៅក្នុងស្ទឹងអូជីកក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល ខេត្តឧត្តរមានជ័យនេះផងត្បិតអីមាត់ច្រាំងស្ទឹងអូជីកមួយនេះកំពុងរងការបាក់ច្រាំងយ៉ាងគំហ៊ុន..៕

ជុំវិញករណីនេះអង្គភាពយើងខ្ញុំរង់ចាំនៅការបកស្រាយបំភ្លឺពីគ្រប់ភាគីស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ071 82 222 57/012 485 298..