ឯកឧត្តមនេត្រ ភក្រ្តា អនុញ្ញតឲ្យលោកបណ្ឌិតម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អិម អេស ជេ (AEMSJ) និងក្រុមការងារចូលជួបសម្តែងការគួរសមនិងជូនពរឆ្នាំថ្មី
ភ្នំពេញៈ នៅទីស្តីការក្រសួងព័ត៌មាននាព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ ២០២៤ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យលោកបណ្ទិតម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អិម អេស ជេ និងសមាជិក សមាជិកា ចូលជួបសម្តែងការគួរសមនិងជូនពរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៤ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ។
នៅក្នុងឪកាសនោះបន្ទាប់ពីលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អិម អេស ជេ គោរពរាយការណ៍ស្តីពីសកម្មភាពនានារបស់សមាគមរួចមក ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសារព័ត៌មានអេឡិចត្រូនិច អិម អេស ជេ ដេលដឹកនាំដោយ លោកបណ្ឌិតម៉េង សុភ័ណ្ឌ និងបានធ្វើការណែនាំបន្ថែមដល់បងប្អូនអ្នកសារព័ត៌មានយើងឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន ជាពិសេសរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ ។
ទន្ទឹមនិងនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានជំរុញនិងលើកទឹកចិត្តឲ្យលោកបណ្ឌិត ម៉េង សុភ័ណ្ឌ បង្កើនការបើកវគ្គបណ្តុះបណ្តាលដល់បងប្អូនអ្នកសារព័ត៌មានយើង និងបានគាំទ្រ រាល់សកម្មភាពទាំងឡាយណាដែលសមាគមធ្វើដើម្បីបម្រើឲ្យវិស័យសារព័ត៌មាន បន្ថែមពីនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់លទ្ធភាពឲ្យសមាគមអាចប្រើប្រាស់ អគាររបស់ក្រសួងដើម្បីបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័តមានក៏ដូចជាប្រើប្រាស់សម្រាប់កម្មវិធីផ្សេងៗ ដែលពាក់ព័ន្ធទៅនិងវិស័យសារព័ត៌មានផងដែរ ។
នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនោះដែរ លោកបណ្ឌិតប្រធានសមាគម ក៏បាននាំយកនូវអង្ករចំនួន១តោន មី ២០ កេស និងទឹកសុទ្ធ២០កេស ជូនដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីទុកប្រើប្រាស់ក្នុងការងារមនុស្សធម៌ផងដែរ ។
ā
សូមបញ្ជាក់ថាសមាគមសារព័ត៌មានអេឡិចត្រូនិចអឹម អេស ជេ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉េង សុភ័ណ្ឌ មានបងប្អូនជាអ្នកសារព័ត៌មាន មកពីតាមបណ្តាអង្គភាពនានាជាច្រើនចូលរួមជាសមាជិក ទន្ទឹមនិងនោះលោកប្រធានសមាគមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹងវិស័យសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងសមាគមបានបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីឲ្យបងប្អូនអ្នកសារព័ត៌មានយើងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ស្របពេលដែលពិភពលោកទាំងមូលកំពុងមានការវិវឌ្ឍយ៉ាងខ្លាំងលើវិស័យសារព័ត៌មានឌីជីថល ។