អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បបញ្ជូនជនសង្ស័យ​ ពាក់ព័ន្ធប្រើប្រាស់នូវឯកសណ្ឋានភាពប្រហាក់ប្រហែលនឹងនគរបាល ឬយោធា និងប្រើប្រាស់នូវសារធាតុញៀន…

បន្ទាយមានជ័៖ åកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក​ ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការ(ស្ដីទី) មូលដ្ឋានកងរាជអាវុធហត្ថស្រុក​ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ គុជ វិតី​ ភេទប្រុស អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។​ ព្រមទាំងដកហូតវត្ថុតាងរួមមាន​÷ ឯកសណ្ឋានពណ៌ទឹកប៊ិច មានដេរស្លាកសញ្ញាឡូហ្គោ​ អ.ហ ចំនួន០១កំប្លេរ,​ ស្បែកជើងកវែងចំនួន០១គូរ,​ ស្បែកជើងកខ្លី​ចំនួន០១គូ,​ មួកឆាងពណ៌ទឹកប៊ិច​ចំនួន២,​ មួកប៉េរ៉េ​ចំនួន០១,​ ខ្សែក្រវ៉ាត់ពណ៌ខ្មៅចំនួន០១,​ ខ្សែក្រវ៉ាត់ធំ(ស៊ិនណារ៉ុង)ចំនួន០១,​ វិទ្យុទាក់ទងម៉ាក​ ម៉ូតូរ៉ូឡា​ ចំនួន០១,​ អាវកាក់មានស្លាកសញ្ញា​ អ.ហ​ ចំនួន០១,​ ១០-ពិលពណ៌ខ្មៅ​ ចំនួន០១,​ ១១-ខ្សែបន្ទោងសម្រាប់ដាក់កាតចំនួន០១,​ កាបូបស្ពាយពណ៌ខ្មៅចំនួន០១,​ កាបូបដាក់ប្រាក់​ ចំនួន០១,​ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន០១សន្លឹក។

 

លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការ(ស្ដីទី) មូលដ្ឋានកងរាជអាវុធហត្ថស្រុក​ បានឱ្យដឹងថា​ កាលពីថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានទទួលព័ត៌មានពីប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ថា មានករណីប្រើប្រាស់ឯកសណ្ឋាន កងរាជអាវុធហត្ថនៅចំណុចខាងលេី​ និងបា​នស្នេីសុំឱ្យមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយចេក​ ដេីម្បីចុះទៅពិនិត្យមើល។​ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ និងបាននាំឈ្មោះ​ គុជ​ វិតី មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក​ដេីម្បីសួរនាំ​។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​ បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានប្រើប្រាស់ឯកសណ្ឋាន កងរាជអាវុធហត្ថ ពិតប្រាកដមែន​ ហើយខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានធ្វើតេស្តទឹកនោម​ រកឃើញមានសារធាតុញៀនផងដែរ។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមាន​ឯកសណ្ឋានដែលជាវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។

​ លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

​ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៨​ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕