ឃាត់ខ្លួនជនជាតិចិន២នាក់ រួមគ្នាផលិតវីដេអូប្រឌិតថាមានខ្មោចលងនៅតាមសណ្ឋាគារ កាស៉ីណូ ឬទីតាំងផ្សេងៗ…!
ព្រះសីហនុ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ បន្ទាប់ពីពួកគេរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារ កាស៉ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ ពាក់ព័ន្ធទៅនឹងវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឱ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ហើយមានបំណងមកលេងកម្សាន្ដ នៅខេត្ដទេសចរណ៍មួយនេះតែម្ដង ទាំងដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងឡើយ ពោលពួកគេគ្រាន់តែធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ។
ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចជំនាញ ដកហូតបានស្រោមមុខខ្មោច និងសម្ភារៈប្រើសម្រាប់ការថតវីដេអូមួយចំនួនទៀតផងដែរ។ ជុំវិញករណីនេះផងដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីហេតុការណ៍ដែលពួកគេបានបង្កើតឡើង៕