ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញមនុស្សឆ្លងជំងឺអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ករណីបន្ថែម…
ថ្ងៃចេញផ្សាយៈ February 12, 2024
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រាប់ថា ជំងឺ អឹមផក ដែលមានឈ្មោះដើមថា ជំងឺអុតស្វា ត្រូវបានរកឃើញឆ្លងទៅមនុស្សចំនួន ៣ករណីបន្ថែមទៀត ដែលមានទីលំនៅក្នុងខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលនាំឲ្យជំងឺ អឹមផក សរុបមានចំនួន ០៩ករណី។
ក្រសួងសុខាភិបាល បញ្ជាក់ថា ការចម្លងជំងឺ អឹមផក ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈ ការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺ អឹមផក និងការប៉ះពាល់ដោយផ្ទាល់កន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ ដំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយវីរុស ដែលរួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬស្លាបព្រា ចាន និងកែវទឹកជាដើម។