ភ្លើងធូបឆេះតូបលក់ស្បែកជើង អស់គ្មានសល់ គិតទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារ…!

ស្វាយរៀង៖ភ្លើងធូបបានឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញតូបលក់ស្បែកជើង និងទំនិញអស់គ្មានសល់ បើគិតទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារ។ហេតុការណ៍នេះបានកើតឡើងនៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២៥ខែមករា។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ម្ចាស់តូបឈ្មោះ គង់ វេហាស៍ អាយុ៥៦ឆ្នាំ ជាអាជីវករនៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ភ្លើងឆេះតូបនេះបណ្តាលឱ្យខូចខាត តូបលក់ដូរធ្វើអំពីឈើប្រក់ ស័ង្កសីជញ្ជាំងស័ង្កសី ដែលមានបណ្តោយ១២ម៉ែត្រទទឹង៥ម៉ែត្រខូចខាតទាំងស្រុង។ក្នុងនោះសម្ភារលក់ដូរដូចជាស្បែកជើងគ្រប់ប្រភេទ គិតជាទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ។

ប្រភពដដែលបានបន្តថា មុនកើតហេតុក្រោយពីលក់ដូររួច ដល់ពេលល្ងាច ម្ចាស់ក៏បានបិទតូប តែមិនបានពន្លត់ភ្លើងធូបដែលអុចសែនទេព្រោះជាថ្ងៃសីល៍។ក្រោយមកម៉ោងប្រហែល១១យប់ ស្រាប់តែមានភ្លើងឆេះតូបយ៉ាងសន្ធោសន្ធៅ ទើបបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ប៉ុន្តែរថយន្តទឹកមកដល់ ភ្លើងបានឆេះតូបអស់ទៅហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុមកពីមានការធ្វេសប្រហែស ដោយសារភ្លើងធូបដុតទុកចោល ទើបបង្កជាអគ្គិភ័យកើតឡើង។តែមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់និងឆាបឆេះរាលដាលទេ៕