ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដែលបានចូលរួមរៀបចំ ដឹកនាំ និងថែរក្សា ការពារក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក…

Ñ

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈផេកផ្លូវរបស់ខ្លួន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្ញើសារកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។

ក្នុងសារដដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចពីសំណាក់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ គួរជាទីមោទនៈ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលេចដែរថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ មានភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តនៅរាជធានីភ្នំពេញ យ៉ាងច្រើនសន្ធឹកសន្ធាប់ និងពោរពេញដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង ជាពិសេសទស្សនាកម្សាន្តដោយគ្មានការព្រួយបារម្ភពីភាពអសន្តិសុខអ្វីឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ដែរថា ភាពជោគជ័យ និងភាពសប្បាយរីករាយដ៏អស្ចារ្យ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាព្រឹត្តិការណ៍ធំៗជាច្រើនបន្តបន្ទាប់របស់ព្រះរាជាណាចក្រកម្ពុជា គឺពិតជាមិនអាចកើតមានបានទេ ប្រសិនបើប្រទេសជាតិរបស់យើង គ្មានសុខសន្តិភាពពេញបរិបូរណ៍ គ្មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃប៉ិនប្រសប់ នៃរាជរដ្ឋាភិបាលគ្រប់អាណត្តិ ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា នោះទេ។

ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់ដែរថា បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ចប់ទៅប្រកបដោយជោគជ័យ ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបន្តរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងរៀបចំពិធីបុណ្យជាតិជាបន្តបន្ទាប់។ ក្នុងន័យនេះ ខ្ញុំក៏សូមយកឱកាសដ៏ថ្លៃថ្លានេះ អំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ចូលរួមអនុវត្តឱ្យបានជោគជ័យនូវរាល់បទបញ្ជា វិធានការ ផែនការ និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តជំរុញផ្សព្វផ្សាយ និងចលនាកៀរគរឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” សំដៅរួមគ្នាថែរក្សាបរិយាកាសទូទៅក្នុងសង្គមបានល្អប្រសើរ បម្រើដល់ការប្រារព្ធបុណ្យប្រពៃណីជាតិ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ឱ្យប្រព្រឹត្តទៅដោយរលូន ក្រោមបរិយាកាសសប្បាយរីករាយ និងសុខសន្តិភាព។

ជាចុងបញ្ចប់នៃសារថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចបន្ថែមយ៉ាងដូច្នេះថា ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះកងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងការថែរក្សា ការពារក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងក៏សូមជូនពរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ មានសុខភាពល្អបរិបូរណ៍ សម្រេចបានជោគជ័យក្នុងភារកិច្ច និងសូមបានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕