អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន ១២ ខ្នងនៅក្រុងបាត់ដំបង…!

ខេត្តបាត់ដំបង៖ តាមសេចក្តីរាយការណ៍បឋមបានអោយដឹងថា យ៉ាងហោចណាស់ផ្ទះចំនួន ១២ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចរាប់រយនាក់ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

តាមសេចក្តីរាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី០៥ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីផ្ទះរបស់ឈ្មោះ អ៊ា អេងហុង ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរលក់ពូក និងបន្តឆេះរាលដាលឆ្លងដល់ផ្ទះជិតខាងជាប់ៗគ្នា(ផ្ទះល្វែង)ប្រមាណចំនួន ១១ខ្នងផ្ទះទៀតដែលជាប្រភេទផ្ទះសង់អំពីឈើ និងដែក ដំបូលប្រក់ស័ង្កសី ។

របាយការណ៍សមត្ថកិច្ចបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យមានវត្តមានរ ការចូលរួមពីប្រជាពលរដ្ឋជិតខាង និងកងកម្លាំងទាំងបីប្រភេទ បូករួមទាំងរថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿងចេញជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ចំនួនទឹកអស់ ១២ឡានទើបគ្រប់គ្រងស្ថានភាពបាន មិនបណ្តាលឲ្យភ្លើឆេះឆ្លងរាលដាលដល់ផ្ទះជិតខាងបន្តទៀតសមត្ថកិច្ចស្នងការដ្ឋានបានបញ្ជាក់ថា ទំហំនៃការខូចខាតរហូតមកដល់បច្ចុប្បន្ននេះនៅពុំទាន់ទទួលរបាយការណ៍ច្បាស់នៅឡើយទេ រីឯមូលហេតុស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ៕