ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤៥កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស…

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា ចំនួន ៤៥កន្លែង ដល់សិស្ស-និស្សិតទូទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស។

 

មក

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានបញ្ជាក់ថា អាហារូបករណ៍ទាំង ៤៥កន្លែងនោះរួមមាន ៖ ថ្នាក់បរិញ្ញាបត្ររង ចំនួន ១០កន្លែង និងថ្នាក់បរិញ្ញាបត្រ ចំនួន ៣៥កន្លែង សិក្សាលើជំនាញគណនេយ្យ គ្រប់គ្រង ទីផ្សារ សណ្ឋាគារនិងទេសចរណ៍ ធុរកិច្ចឌីជីថល ហិរញ្ញវត្ថុនិងធនាគារ អភិវឌ្ឍសេដ្ឋកិច្ច អប់រំភាសាអង់គ្លេស ទំនាក់ទំនងអន្តរជាតិ ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង វិស្វកម្មកុំព្យូទ័រ កុំព្យូទ័រប្រូក្រាមមីង វិទ្យាសាស្ត្រកុំព្យូទ័រ នីតិសាស្ត្រ និងជំនាញរដ្ឋបាលសាធារណៈ។

បើតាមសេចក្តីជូនដំណឹងដដែល សម្រាប់ការចូលរៀនវេនថ្ងៃសៅរ៍-អាទិត្យ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ និងវេនថ្ងៃចន្ទ-សុក្រ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យធនធានមនុស្ស អគារលេខ១៧ ផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទូរសព្ទលេខ ០៩៧ ៧៧៣ ៣៣៣៩, ០១២ ៩៧១ ៧១៦។